(ភ្នំពេញ)​៖ ប្រភពផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ បានទម្លាយឱ្យដឹងថា ខណៈនេះ​ទាំងលោក សម រង្ស៊ី និង លោក កឹម សុខា​ គឺកំពុងរកច្រកចេញរៀងៗខ្លួន ។ លោក សម រង្ស៊ី កំពុងធ្វើសេនារីយោមួយ ដើម្បីប្រើប្រាស់បក្សប្រឆាំងបន្តទៀត ក្នុងបុព្វហេតុក្តោបអំណាច។​ ចំណែកឯ លោក កឹម សុខា ដែលហាក់ដូចជា ដឹងខ្លួនឡើងវិញ គឺកំពុងរកវិធីយ៉ាងណាសង្គ្រោះសូវ៉េជីវិតនយោបាយខ្លួនចុងក្រោយនេះ ដើម្បីកុំឱ្យជាប់ពន្ធនាគារ ដើម្បីកុំឱ្យក្លាយជាឧបករណ៍បម្រើមហិច្ឆតានយោបាយដែលគ្មានន័យ និងកំពុងរកវិធីបង្កើតឱកាសថ្មីមួយទៀត​។

លោក កឹម សុខា ដឹងសមត្ថភាពខ្លួនឯងច្បាស់​ណាស់ និងក៏ដឹងពីមហិច្ឆតានយោបាយលោក សម រង្ស៊ី ច្បាស់ណាស់ដែរ។ គណបក្សសង្គ្រោះជាតិ មិនមែនជារបស់ លោក កឹម សុខា​ ទេ។ បុព្វហេតុទាំងឡាយរបស់គណបក្សសង្គ្រោះជាតិ ក៏មិនមែនដើម្បីលោក កឹម សុខា ដែរ ។ និយាយឱ្យខ្លី​រយៈពេល៤ឆ្នាំនៅក្នុង គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា បានស្គាល់ខ្លួនគាត់ច្បាស់ថា ទីបំផុតនឹងបានត្រឹមជាអ្នកជួយបំពេញបន្ថែមកម្លាំងឱ្យលោក សម រង្ស៊ី តែប៉ុណ្ណោះ​។​

តើលោក កឹម សុខា​ ខ្លាំង ? ពិតណាស់មិនមែនទេ!។ លោក កឹម សុខា នៅក្នុងបក្សសង្គ្រោះជាតិ គឺបានត្រឹមលោក សម រង្ស៊ី ខ្ចីដៃបម្រើមហិច្ឆតានយោបាយ «សងគំនុំឈាមឪពុក» ប៉ុណ្ណោះ​។

ការខ្វែងជំហរនយោបាយដែលឃើញបន្តបន្ទាប់ និងថ្មីៗនេះ គឺនៅពេលមានការឡងសម្តីគ្នាទៅវិញទៅមកអំពី «បទឈប់បាញ់នយោបាយក្នុងរដូវបុណ្យភ្ជុំបិណ្ឌ» ដែលលោក សម រង្ស៊ី បន្តបញ្ឆេះកំហឹងនយោបាយពីចម្ងាយ រីឯលោក កឹម សុខា ស្រែកពីក្នុងទៅវិញឱ្យរក្សាភាពថ្លៃថ្នូរ ដោយមិនឱ្យប្រើពាក្យអសុរស។ លោក កឹម សុខា ចង់ឱ្យតំណាងរាស្ត្រសង្គ្រោះជាតិចូលសភា រីឯលោក សម រង្ស៊ី ហាមមិនឱ្យចូលទេ ដែលនេះស្មើនឹងចង់ទុកឱ្យលោក កឹម សុខា​ ចូលគុក ហើយក្តាប់យកការ ដឹកនាំបក្សសង្គ្រោះជាតិតែឯង។

សេនារីយោរបស់លោក​ សម រង្ស៊ី នឹងត្រូវបានលាតត្រដាងនៅពេលក្រោយ។ ក៏ប៉ុន្តែតើអ្វីជាសេនារីយោសូវ៉េជីវិតនយោបាយលោក កឹម សុខា​ ដែលផ្ទៃក្នុងបាន ទំលាយចេញ ហើយក៏ស្របនឹងសភាពការណ៍ជាក់ស្តែងដែរនោះ​ ?​ តាមប្រភពផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ បានឱ្យដឹងដូចតទៅ​៖

ទី១៖ លោក កឹម សុខា បានដឹងច្បាស់ថា ឆ្នាំ២០១៨ គឺគណបក្សសង្គ្រោះជាតិគ្មានឱកាសបានកាន់អំណាចទេ។ បើអំណាចនោះបានខ្លះ ក៏នឹងមិនធ្លាក់ដល់ លោក កឹម សុខា ឬក្រុមខ្លួនដែរ។ ដូច្នេះលោក កឹម សុខា បានត្រឹមតែបម្រើ និងនៅតែជាឧបករណ៍របស់លោក សម រង្ស៊ី ប៉ុណ្ណោះ។

ទី២៖ មានទល្ហីកជាច្រើន និងភាពជាក់ស្តែងដែលលោក កឹម សុខា ប្រាកដក្នុងចិត្តគឺថា គណបក្សសង្គ្រោះជាតិ នឹងមិនអាចដឹកនាំកម្ពុជាបានទេ ដោយសារ៖ បរិបទប្រជាធិបតេយ្យនៅកម្ពុជា គឺប្រជាជនកម្ពុជា​ មិនហ៊ានប្រថុយផ្តល់ឱកាសឱ្យបក្សប្រឆាំងដឹកនាំបានទេ។ បក្សប្រឆាំងគ្មានទាំងកងទ័ព​ និងគ្មានទាំងការគាំទ្រ ពីអន្តរជាតិពេញលេញ។​ គេចាំបានថា នៅក្រោយឆ្នាំ១៩៩៣ សូម្បីគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានទាំងកងទ័ព​ មានទាំងការគាំទ្រពី​អ៊ុនតាក់ និងអន្តរជាតិ ប៉ុន្តែនៅតែគ្មានវាសនា និងគ្មានលទ្ធភាពដឹកនាំ។

ទី៣៖ នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ គ្រាន់តែមានការឃោសនាវិទ្ធង្សនាដោយបំភ្លៃថា គណបក្សប្រឆាំងឈ្នះឆ្នោត គឺចលាចលសង្គមបានកើតឡើងភ្លាម ហើយអ្នកណាៗ ក៏ភិតភ័យដែរ។​ ដូច្នេះលោក កឹម សុខា ក៏យល់ច្បាស់ណាស់ថា ដោយឆ្លងតាមបទពិសោធន៍ឆ្នាំ២០១៣ នៅក្នុងផ្នត់គំនិតប្រជាជនកម្ពុជាគឺច្បាស់ ណាស់ថា «បើបោះឆ្នោតឱ្យបក្សប្រឆាំង ស្មើនឹងវេចបង្វិចរត់ចោលផ្ទះសម្បែង»។​ បើ «បោះឆ្នោតឱ្យបក្សប្រឆាំង គឺស្មើនឹងបោះបង់ចោលសន្តិភាព ហើយចាប់ យកសង្គ្រាម»។ ប្រជាជនមិនប្រថុយផ្ញើវាសនាជាតិជាមួយបក្សប្រឆាំងទេ ។

ទី៤៖ ហេតុអ្វីបានជាលោក កឹម សុខា​ ជួបលោក កែម​ ឡី ? ហើយក្រោយពេលលោក​ កែម ឡី មរណៈភាព ក៏បានប្រកាសទទួលយកគំនិតលោក កែម ឡី ? នេះគឺ លោក កឹម សុខា ទទួលយកគំនិតមួយដែលបានមើលឃើញថា៖ «សំឡេងភាគតិចមានតម្លៃ​»។ តើនេះមានន័យដូចម្តេច ? លោក កែម ឡី​ យល់ច្បាស់អំពី នយោបាយ​គណបក្សប្រជាជនកម្ពុជា និងបេះដូង សម្តេចតេជោ ហ៊ុន សែន ដែលតែងផ្តល់ឱកាសឱ្យគណបក្សដែលមានសំឡេងតិច តែមានភាពស្មោះត្រង់ អាចធ្វើការជាមួយគ្នាបាន ហើយឱ្យមានតួនាទីជាដៃគូ ទាំងក្នុងរដ្ឋសភា​ និងក្នុងរាជរដ្ឋាភិបាល នៅរាល់ពេលរៀបគណៈរដ្ឋមន្ត្រីនៅក្រោយការបោះឆ្នោត។ នៅក្រោយឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន អាចបន្តវប្បធម៌នយោបាយបែបនេះតទៅទៀត។

ម្យ៉ាងទៀត ការគិតគូរថ្មីមួយទៀតគឺ អនាគតប្រសើរនៃប្រជាធិបតេយ្យកម្ពុជា គឺមិនត្រូវឲ្យមានតែ២បក្សជាប់នៅក្នុងរដ្ឋសភាជាតិនោះទេ។ កម្ពុជាត្រូវមាន៣បក្សដឹកនាំ។ ហេតុអ្វី ? ក្នុងរូបមន្ត ៥០បូក១ និងមានតែ២បក្ស គឺធ្វើឲ្យបក្សមួយ នឹងក្លាយជាចំណាប់ខ្មាំងរបស់បក្សមួយទៀត។ សូម្បីបក្សឈ្នះឆ្នោតដឹកនាំស្របច្បាប់នៅគេអាចបង្កើតលេសថា៖ «ឯកបក្ស និង មិនប្រជាធិបតេយ្យ» ។

ដូច្នេះតើ៣គណបក្ស នឹងមានរូបភាព និងតួនាទីយ៉ាងដូចម្តេច ? គឺនឹងមាន៖ ១). បក្សកាន់អំណាច ២). បក្សប្រឆាំង និង ៣). បក្សបំពេញបន្ថែមឬហៅថា បក្សតម្រង់ទិស។ វិធីនេះគឺនឹងរក្សាបានកាន់តែល្អនូវប្រជាធិបតេយ្យសេរីពហុបក្សស្របតាមស្មារតីរដ្ឋធម្មនុញ្ញ បង្កើតបានវប្បធម៌ថ្មី និងគំរូដឹកនាំថ្មី ធានានីរន្តភាពសង្គម រក្សាលំនឹងនយោបាយ បង្កើតភាពកក់ក្តៅដល់ប្រជាជន ព្រមទាំងធ្វើឲ្យប្រទេសជាតិកាន់តែសុខនិងសំបូរសប្បាយ ។

ប្រភពផ្ទៃក្នុងបានឱ្យដឹងថា មានការឱ្យយោបល់ទៅលោក កឹម សុខា​ អំពីករណីដូចនៅប្រទេសអាឡឺម៉ង់ និងប្រទេសអ៉ីស្រាអែល ដែលគណបក្សទី៣ មានតម្លៃក្នុងការ ធ្វើឱ្យប្រជាធិបតេយ្យពហុបក្ស ដំណើការពេញលេញ ហើយបក្សនេះមិនត្រឹមតែដើរតួនាទីបំពេញបន្ថែមប៉ុណ្ណោះទេ គឺថែមទាំងអាចបញ្ជ្រាបគោលនយោបាយ របស់ខ្លួនយកទៅដឹកនាំ និងដើរតួនាទីតម្រង់ទិសក្នុងការសម្រេចចិត្តជាផលប្រយោជន៍ជាតិបានថែមទៀតផង។

ក្នុងស្ថានភាព និងទស្សនៈវិស័យនេះ​ តើលោក កឹម សុខា នឹងសម្រេចចិត្តដើម្បីសូវ៉េជីវិតនយោបាយក្នុងភាពប្រាកដប្រជាមួយ ? បន្តដើរតួដឹកនាំបក្សនយោបាយមួយដែលមានសិទ្ធិ សេរីភាព និង តួនាទីច្បាស់លាស់ជាងមុន ?​ ធ្វើឱ្យប្រជាធិបតេយ្យកាន់តែមានប្រយោជន៍ទៅដល់ជាតិ និងប្រជាជនពិតប្រាកដ ? ហើយអាចរួមចំណែកធ្វើឱ្យកម្ពុជា​ ដើរទៅមុខបានកាន់តែលឿន និងល្អប្រសើរ?៕

ដោយ៖ សេនាជាតិ