(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានស្នើទៅរាជរដ្ឋាភិបាលចិន តាមរយៈលោក Xiong Bo អគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជាថា កន្លងមកចិនបានសន្យាទិញអង្ករពីកម្ពុជា ចំនួន២០ម៉ឺនតោន ក្នុងមួយឆ្នាំ ហេតុដូច្នេះ អគ្គរាជរដ្ឋថ្មី ត្រូវរាយការណ៍ជូនរាជរដ្ឋាភិបាលចិន ត្រូវប្រញាប់ទិញអង្ករពីកម្ពុជា តាមចំនួនដែលខ្លួនធា្លប់បានសន្យា។

ការលើកឡើង របស់ឧបនាយរដ្ឋមន្ដ្រី ហោ ណាំហុង ត្រូវបានធ្វើឡើងនៅ ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងជំនួបសំណេះសំណាល ជាមួយ លោក Xiong Bo អគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។

ក្នុងនោះ ឧបនាយរដ្ឋមន្ដ្រី បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាកំពុងតែជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយសារតែតម្លៃអង្ករនៅកម្ពុជា មានការធ្លាក់ថ្លៃយ៉ាងខ្លាំង ដែលមិននឹកស្មានដល់ ទើបធ្វើឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញឲ្យថ្នាក់ដឹកនាំទាំងអស់ត្រូវជួយទិញអង្ករពីកសិករ ដើម្បីទប់ស្កាត់ក្នុងការធ្លាក់ថ្លៃនេះ ប៉ុន្ដែកន្លងមកចិនក៏ធ្លាប់សន្យាជាមួយកម្ពុជា នឹងជួយទិញអង្ករពីកម្ពុជា ចំនួន ២០ម៉ឺនតោន ក្នុងមួយឆ្នាំ ហេតុដូចនេះ ហើយអគ្គរដ្ឋទូតថ្មី ត្រូវរាយការណ៍ទៅរដ្ឋាភិបាលចិន ត្រូវប្រញាប់ជួយទិញអង្ករពីកម្ពុជា ទៅតាមអ្វីដែលខ្លួនបានសន្យា។ ឧបនាយករដ្ឋមន្ដ្រី បានបន្ថែមថា ការជួយទិញពីកម្ពុជារបស់ចិន ជាការជួយដល់កសិករកម្ពុជាទាំងអស់ ឲ្យរួចផុតពីទុក្ខវេទនា មួយនេះផងដែរ។

ជាការឆ្លើយតប អគ្គរដ្ឋទូតចិន ក៏បានលើកឡើងដែរថា ការប្រឈមរបស់កម្ពុជា ទៅលើវិស័យកសិកម្ម​ ស្រូវ អង្ករនេះ រដ្ឋាភិបាលចិនយកចិត្តទុកដាក់ណាស់ ហើយក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានការចុះហត្ថលេខាសំខាន់មួយ លើបញ្ហាកសិកម្ម ស្រូវ អង្ករ៕