(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោស​នាការ និងព័ត៌មាននៃរដ្ឋសភា និងជាអនុប្រធានគណៈប្រតិភូសភាកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំក្រុម ប្រឹក្សាប្រតិបត្តិលើកទី១ សភាតំបន់អាស៊ី បានថ្លែង នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នេះថា មូលហេតុដែលសភាតំបន់អាស៊ី ជ្រើសរើសប្រទេសកម្ពុជាជាកន្លែងប្រជុំ របស់ខ្លួនមិនមែនជាការចៃដន្យនោះទេ។

លោកបានលើកឡើងថា «កម្ពុជា ជាប្រទេសមួយដែលកំពុងទទួលបានកំណើនសេដ្ឋកិច្ច​ គួរឲ្យចាប់អារម្មណ៍ និងម្យ៉ាងទៀតឆ្លងកាត់សង្រ្គាមជាច្រើនទស្ស​វត្សរ៍ កម្ពុជាបានប្រែក្លាយប្រទេស ទៅជាកន្លែងសន្តិភាព ហើយកំពុងអភិវឌ្ឍន៍យ៉ាងខ្លំាង​ក្លា​»

លោកបានបន្តទៀតថា កក្តាទំាងអស់នេះហើយ ដែលសភាតំបន់អាស៊ីបានជ្រើសរើស និងទុកចិត្តមកលើកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំ របស់ខ្លួននៅពេលនេះ។

សូមជម្រាបថាប្រទេសស​មាជិកសភាតំបន់អាស៊ី ចំនួន២១ប្រទេស បានអញ្ជើញមកជួបប្រជុំគ្នានៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៦ ​ដល់២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគៀតត្រា ដើម្បីប្រជុំគណៈម្មាធិការអចិន្រ្តៃយ៍ស្តីពីបទប្បញ្ញត្តិហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក និងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១។

លោក ឈាង វុន បានគូសបញ្ជាក់ថាកិច្ចប្រជុំទំាងអស់នេះ មានសារៈសំខាន់ណាស់ មុននឹងឈានដល់មហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ី ដែលនឹងប្រារព្ធធ្វើនាចុងឆ្នាំ២០១៦នេះ នៅខេត្តសៀមរាប។

លោក ឈាង វុន បានលើកឡើងទៀតថានៅកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ សភាតំបន់ អាស៊ីនឹងជជែកគ្នាលើបញ្ហាមួយចំនួនរបស់ខ្លួន ដូចជាកិច្ចការនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ជាដើម។

បើតាមលោក ឈាង វុន «កិច្ចប្រជុំពេលនេះ ជាការប្រមូលផ្តុំទស្សនៈយោបល់របស់តំណាងរាស្រ្ត នៅក្នុងតំបន់អាស៊ី ដើម្បីធ្វើការផ្លាស់ប្តូរ និងបង្កើនកិច្ចសហប្រតិបត្តិការគ្នា ក្នុងការដោះស្រាយបញ្ហារួមរបស់យើង​។ យើងដឹងហើយតំបន់អាស៊ី នៅមានប្រជាពលរដ្ឋជួបការលំបាកនិងក្រីក្រជាច្រើន ដូច្នេះការជួបជុំរបស់យើងនៅពេលនេះនឹងចូលរួមចំណែក ដល់រដ្ឋាភិបាល ជាសមាជិកសភាតំបន់អាស៊ីទំាងអស់ ក្នុងការបង្កើនការដោះស្រាយបញ្ហាដល់ពលរដ្ឋបន្តទៀត»

សូមជម្រាបថា សភាតំបន់អាស៊ី (APA) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយប្រែក្លាយពីសមាគមសភាអាស៊ីដើម្បីសន្តិភាព(AAPP) ដែលត្រូវបានបង្កើតនៅឆ្នាំ​១៩៩៩។ សភាតំបន់អាស៊ីមានសភាជាសមាជិកចំនួន៤២ប្រទេស ដែលបច្ចុប្បន្ន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន ចាប់តំាងពីឆ្នាំ២០១៥ នៅពេលដែលសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត លើកទី៨ នៃសភាតំបន់អាស៊ីនេះមក​​៕