(ភ្នំពេញ)៖ អ្នកយកព័ត៌មានអង្គភាពព័ត៌មាន Fresh News និងយុវជនកម្ពុជា មកពីស្ថាប័នរដ្ឋ និងឯកជន២១រូប ត្រូវបានរដ្ឋាភិបាលជប៉ុនអញ្ជើញទៅ បំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃ ដើម្បីស្វែងយល់ និងដកស្រង់បទពិសោធន៍លើការធ្វើកសិកម្ម ក៏ដូចជាការវិនិយោគលើវិស័យកម្មនៅប្រទេស ជឿនលឿនក្នុងតំបន់អាស៊ីមួយនេះ។

លោក វ៉ាន់ សារាយ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News ព្រមទាំងយុវជនកម្ពុជា២១រូប នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន តាមជើងហោះហើរ All Nippon Airways (ANA) ដែលជាជើងហោះហើរត្រង់ដំបូងកម្ពុជា-ជប៉ុន នៅម៉ោងជាង១០យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានធ្វើឡើងក្រោមគម្រោងបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត និងយុវជន រវាងប្រទេសជប៉ុន និង បណ្តាប្រទេសអាស៊ីខាងកើត (Japan-East Asia Network of Exchange for Students and Youths) ហៅកាត់ថា JENESYS។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលជប៉ុន កាលពីឆ្នាំ២០០៧ កន្លងទៅ ក្នុងគោលបំណងជំរុញការយល់ដឹង និងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងចំណោមយុវជន និងប្រជាជនជប៉ុន ជាមួយយុវជនបណ្តាប្រទេសដែលចូលរួម និង ដើម្បីកសាងមូលដ្ឋានគ្រឹះ នៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។ ក្នុងមួយឆ្នាំៗ មានយុវជនប្រមាណជា ៦ពាន់នាក់ ត្រូវបានអញ្ជើញទៅកាន់ប្រទេសជប៉ុនក្រោមកម្មវិធី JENESYS នេះ។

ក្នុងដំណើរទស្សនកិច្ចរបស់យុវជនកម្ពុជា ដែលជាក្រុមទី២ សម្រាប់ឆ្នាំ២០១៦នេះ យុវជនទាំងអស់ នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងតូ ក្យូ និងខេត្តហ្វូគូស៊ីម៉ា ដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរក្រោមប្រធានបទ «តម្លៃម្ហូបអាហារកែច្នៃ»។ យុវជនកម្ពុជា នឹងមានឱកាសធ្វើទស្សនកិច្ចនៅសារមន្ទីតូក្យូ-អេដូ និងមជ្ឈមណ្ឌលបច្ចេកទេសកសិកម្ម ក៏ដូចជាទទួលបាននូវបទពិសោធស្នាក់នៅផ្ទះជាមួយជនជាតិជប៉ុន ព្រមទាំងទទួលបាននូវបទពិសោធអំពីវប្បធម៌ជប៉ុនផងដែរ។

ក្រុមយុវជនកម្ពុជា ដែលរួមមាននិស្សិតមកពីតាមបណ្តាសាកលវិទ្យាល័យ យុវជនមកពីស្ថាប័នរដ្ឋ និង ឯកជនពាក់ព័ន្ធវិស័យស្រូវអង្ករសុទ្ធតែបានបង្ហាញក្តីរីករាយ និងរំពឹងទទួលបានបទពិសោធន៍ច្រើនពាក់ព័ន្ធវិស័យកសិកម្មពីប្រទេសជប៉ុន ដើម្បីយកមកចែករំលែកដល់ អ្នកពាក់ព័ន្ធ និងចូលរួមចំណែកលើកកម្ពស់វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ដែលជាវិស័យដ៏ចាំបាច់មួយនៅក្នុងប្រទេសកម្ពុជា។

កញ្ញា មិន ច័ន្ទកេសី យុវនារីមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា «សប្បាយចិត្ត និងរីករាយខ្លាំង ពីព្រោះក្នុងនាមខ្ញុំ និងមិត្តៗទាំងអស់ ដែលជាយុវជន យុវនារីរបស់កម្ពុជា ដែលបានចេញទៅប្រទេសជប៉ុននេះ បានទៅផ្លាស់ប្តូរបទពិសោធន៍ និងការយល់ដឹងមិនថា វប្បធម៌របស់យើង ពាក់ព័ន្ធសេដ្ឋកិច្ច អប់រំ និងកសិកម្ម គឺមានច្រើនមែនទែនត្រូវផ្លាស់ប្តូរជាមួយយុវជន យុវនារីជប៉ុន»

កញ្ញា កេសី បានអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ឱកាស និងជួយជ្រោមជ្រែងដល់យុវជនកម្ពុជា បានទៅផ្លាស់ប្តូរ និងដកស្រង់ពិសោធន៍ក្នុងប្រទេសជប៉ុន។

កញ្ញាថា កម្មវិធីនេះ គឺជាកម្មវិធីដ៏សំខាន់ ហើយកញ្ញានឹងយកបទពិសោធន៍ ដែលទទួលបានក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ មកចែកចាយបន្តដល់ប្រជាពលរដ្ឋ និងយុវជន យុវតីរបស់កម្ពុជា។ កញ្ញា បានបញ្ជាក់ដូច្នេះ «មែនទែនទៅកម្មវិធី (JENESSYS) ដែលជប៉ុន គាត់បានធ្វើនេះ វាពិតជាមានសារៈសំខាន់ ហើយវានឹងផ្តល់ផលប្រយោជន៍ជាច្រើន នៅពេលដែលខ្ញុំត្រឡប់មកប្រទេសកម្ពុជាវិញ។ ខ្ញុំនឹងបង្ហាញ និងផ្តល់យោបល់ ក៏ដូចជាចែករំលែកនូវគំនិត និងសកម្មភាពផ្សេងៗ ដែលបានមកពីប្រទេសជប៉ុន មករំលែកដល់បងប្អូនជនរួមជាតិខ្មែរ ជាពិសេសយុវជន យុវនារីតែម្តង ដែលគាត់ជាទំពាំងស្នងឬស្សីរបស់កម្ពុជា»

លោក វ៉ាន់ សារាយ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News បានចាត់ទុកដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនរយៈពេល ១០ថ្ងៃនេះថា ជាឱកាសដ៏សំខាន់មួយសម្រាប់រូបលោកជាអ្នកព័ត៌មាន ដែលអាចទៅសិក្សាស្វែងយល់ពីវិស័យកសិកម្ម ក្នុងប្រទេសជប៉ុន ដើម្បីបានជាចំណេះដឹងបន្ថែមសម្រាប់ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធវិស័យកសិកម្មជូនទៅប្រជាកសិករខ្មែរ។

លោក បានបញ្ជាក់ថា «ក្នុងនាមជាអ្នកតំណាងឲ្យអង្គភាពព័ត៌មាន Fresh News ជាបណ្តាញផ្សព្វផ្សាយធំមួយនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំពិតជារីករាយ និងអរគុណជាពន់ពេកសម្រាប់ការផ្តល់ឱកាសរបស់រដ្ឋាភិបាលជប៉ុន។ ដំណើរទស្សនកិច្ចនេះ វាពិតជាមានសារៈសំខាន់ សម្រាប់រូបខ្ញុំជាអ្នកផ្សព្វផ្សាយដំណឹង។ ដូចយើងដឹងហើយថា កម្ពុជា មានផ្ទៃដីសម្រាប់បង្កបង្កើនផលរហូតដល់ជាង ៨០ភាគរយ ហើយប្រជាពលរដ្ឋកម្ពុជាជាច្រើនពឹងផ្អែកលើវិស័យកសិកម្ម តែសម្រាប់បច្ចេកទេសក្នុងការបង្កបង្កើនផលរបស់ពួកគាត់នៅមានកម្រិតនៅឡើយ និងមានឧបសគ្គជាច្រើនសម្រាប់ពួកគាត់។ ដូច្នេះតាមរយៈដំណើរទស្សនកិច្ចនេះ ខ្ញុំនឹងបានដកស្រង់ពិសោធន៍ និង បច្ចេកទេសល្អៗលើវិស័យកសិកម្មពីប្រទេសជប៉ុន មកផ្សព្វផ្សាយ ដើម្បីផ្តល់ជាចំណេះដឹងថ្មីលើវិស័យ កសិកម្មដល់ប្រជាកសិករខ្មែរ»

ក្រុមយុវជនកម្ពុជាទាំង២២រូប ដែលនឹងចេញដំណើរទៅប្រទេសជប៉ុននាយប់នេះ បានមើលឃើញផងដែរថា ដំណើរទស្សនកិច្ច ក៏ជាការ ចូលរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលកំពុងមានភាពល្អប្រសើរនាពេលបច្ចុប្បន្ន ឲ្យល្អប្រសើរកាន់តែខ្លាំងថែមទៀតផងដែរ។

សូមរំលឹកថា ប្រទេសជប៉ុន គឺជាប្រទេស ដ៏ធំមួយ ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍នៅកម្ពុជា ស្ទើរគ្រប់វិស័យចាប់តាំងពីបានផ្តើមទំនាក់ទំនងជាមួយកម្ពុជាក្នុងឆ្នាំ១៩៥៣។ ក្នុងដំណើរមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣កន្លងទៅនេះ លោក ស៊ិនហ៊្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជំរុញទំនាក់ទំនងប្រទេសទាំងពីរឲ្យក្លាយទៅជាដៃគូយុទ្ធសាស្រ្ត។

យោងតាមរបាយការណ៍របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៤ ជប៉ុន បានផ្តល់កម្ចីដល់ប្រទេសកម្ពុជា ៨៦៩លានដុល្លារអាមេរិក ជំនួយឥតសំណង ១,៧៥៥លានដុល្លារអាមេរិក និងជំនួយបច្ចេកទេស ៧៨៣លានដុល្លារអាមេរិកផងដែរ។

អាស្រ័យលើទំនាក់ទំនងល្អនេះទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរបានកើនឡើងជារៀងរាល់ឆ្នាំផងដែរ។ នៅឆ្នាំ២០១៥ កន្លងទៅនេះ ជប៉ុន បាននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ ៣០២លានដុល្លារអាមេរិក ខណៈកម្ពុជា នាំទៅជប៉ុនវិញ មានរហូតដល់ ៩៦៨លានដុល្លារអាមេរិក។

ដោយឡែកគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០១៥ មានទឹកប្រាក់ចំនួន ៨០១លានដុល្លារអាមេរិក៕