(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ រួមនិងមេទ័ពខ្លាំងពូកែប្រចាំទិសប្រាសាទព្រះវិហារ ដែលមាននាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទផងដែរនោះ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានធ្វើពិធីបួងសួងនៅទីកន្លែងដ៏ស័ក្តិសិទ្ធលើកំពូងប្រាសាទព្រះវិហារ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនដល់កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាកំពុងឈរជើងការពារទឹកដី ជាពិសេសឲ្យកងទ័ពខ្មែរឈ្នះអស់មាសត្រូវទាំងឡាយ។

នាយឧត្តមសេនីយ៍ ជា តារា មេទ័ពដ៏អង់អាចប្រចាំទិសប្រាសាទព្រះវិហារមួយរូបក្នុងសង្រ្គាមការពារទឹកដីពេលថៃធ្វើការឈ្លានពាននោះ បានថ្លែងប្រាប់ Fresh News ថា ពិធីបួងសួងនេះត្រូវបានធ្វើឡើងតាមពិធីសាសនាដោយមានការរៀបចំបាយសី និងគ្រឿងសក្ការៈបូជា ជាច្រើនទៀត។

នាយឧត្តមសេនីយ៍ ជា តារា បានរំលឹកផងដែរថា កន្លែងធ្វើពិធីបួងសួងនាព្រឹកមិញ គឺជាកន្លែង ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធ្លាប់បានធ្វើពិធីបួងសួងកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១០ អំឡុងពេលកងទ័ពថៃបានចូលមកឈ្លានពានទឹកដីកម្ពុជា។ ក្រោយពេលការបួងសួងពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំមកនូវសេចក្តីសុខក្សេមក្សាន្តដល់កងទ័ព និងបានធ្វើឲ្យប្រទេសកម្ពុជា បានឈ្នះលើកងទ័ពឈ្លានពានថៃទាំងនៅលើសមរភូមិ និងការតវ៉ាក្តីតាមផ្លូវច្បាប់។

បន្ទាប់ពីបានធ្វើពិធីបួងសួងហើយ នាយឧត្តមសេនីយ៍ គន់ គីម នាយឧត្តមសេនីយ៍ ជា តារា រួមនិងមេទ័ព នាយទាហាន នាយទាហាន រង ព្រមទាំងពលទាហាន បានចុះមកដាក់បិណ្ឌ រាប់បាត្រនៅក្នុងវត្តកែវសិក្ខាគិរីស្វារៈនាជើងភ្នំប្រាសាទព្រះវិហារ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធកងកម្លាំងប្រដាប់ទាំងអស់ ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ និងបុព្វការីជនញាតិទាំង៧សន្តានដែលបានបានចែកឋានទៅ។

នាយឧត្តមសេនីយ៍ គន់ គីម បានប្រគេនបច្ច័យព្រះសង្ឃគង់ចាំព្រះវស្សា ១៤អង្គ និងលោកតាអាចារ្យ ៥នាក់ ដែលមានបច្ច័យសរុប៩៥០,000រៀល និងប្រគេនបច្ច័យសម្រាប់កសាងវត្តចំនួន ៦,៣០០,០០០រៀលផងដែរ។

សូមបញ្ជាក់ថា តំបន់ព្រះសាទព្រះវិហារ រួមទាំងវត្តកែវសិក្ខាគិរីស្វារៈទីកន្លែង ដែលទាហានសៀមបានចូលឈ្លានពានកាលពីឆ្នាំ២០០៨ នោះ បច្ចុប្បន្នបាននិងកំពុងប្រែក្លាយមុខមាត់ថ្មីមានសេចក្តីសុខក្សេមក្សាន្ត និងមានភ្ញៀវទេសចរទៅទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ។ តំបន់ប្រាសាទព្រះវិហារ គឺជាទីកន្លែង ដែលបានចារឹកជាប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងការតស៊ូរបស់កងទ័ពខ្មែរក្រោមការដឹកនាំ ដ៏អង់អាចក្លាហានរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានប្រើទាំងយុទ្ធវិធីលើសមរភូមិ និង នយោបាយការបរទេស ដើម្បីការពារបូរណភាពទឹកដីខ្មែរពីសត្រូវឈ្លានពាន បន្តនូវស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ដែលបានប្រឹងប្រែងតស៊ូ ក្តីលើឆាកអន្តរជាតិរហូតឈ្នះក្តីកាលពីឆ្នាំ១៩៦២៕