(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានផ្តើមបាញ់ប្រហារមកលើគណបក្សកាន់អំណាច ជាថ្មីទៀតហើយ នៅរដូវភ្ជុំបណ្ឌិនេះ (បិណ្ឌទី៩នេះ) បន្ទាប់ពីមានភាពស្ងៀមស្ងាត់រយៈពេលប៉ុន្មានថ្ងៃមកនេះ។

លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់បានថ្លែង វាយប្រហារមកលើគណបក្សកាន់អំណាច ដោយបានលើកឡើងអំពីបញ្ហា ការកាន់តំណែងដឹកនាំប្រទេសរាប់សិបឆ្នាំ, មន្រ្តីរាជរដ្ឋាភិបាលនៅក្នុងជួរគណបក្សកាន់អំណាច ទិញសញ្ញាបត្រក្លែងក្លាយ។

ការថ្លែងផ្តើមវាយប្រហារមកដល់បក្សកាន់អំណាចជាថ្មីនេះ ធ្វើឡើងខណៈដែលលោក សម រង្ស៊ី ចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយយុវជន គណបក្សសង្គ្រោះជាតិ មកពីខេត្តតាកែវ និងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅស្នាក់ការកណ្តាល សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ តាមរយៈអ៉ិនធើណែត (Skype)។

លោក សម រង្ស៊ី បានថ្លែងលើកឡើងយ៉ាងដូច្នេះថា «ទម្លាប់នៅស្រុកខ្មែរ គឺអ្នកដែលមានតំណែងកាន់តំណែងនោះមួយជីវិត ពីព្រោះឱ្យតែមានខ្សែមានបក្ខពួក នៅក្នុងជួរគណបក្សកាន់អំណាច គឺនៅក្រាញអំណាច តំណែងខ្លះដល់អាយុ៦០-៧០ហើយ នៅតែចង់កាន់តំណែងហ្នឹង ចូលម្ឈូសទៀតក៏មិនដឹងដែរ វាមិនត្រូវទេ, សញ្ញាបត្រក្លែងក្លាយ ដូចមេដឹកនាំយើងមួយចំនួន ទៅទិញសញ្ញាបត្រក្លែងក្លាយ យកមកអួតយកមកបន្លំវាមិនត្រឹមត្រូវ ត្រូវតែឱ្យអ្នកដែលមាន សញ្ញាបត្រពិតប្រាកដ»

សូមជំរាបថា នៅថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ នៅក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីចែកសញ្ញាបត្រ​ ដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅសណ្ឋាគារសុខាភ្នំពេញ, សម្តេចបានលើកឡើងអំពីពាក់ព័ន្ធបញ្ហានយោបាយនៅកម្ពុជា ដោយសម្តេចតេជោ បានលើកឡើងថា សភាពការណ៍កំពុងសភាពស្ងប់ស្ងាត់ ហើយរំពឹងមានភាពស្ងប់ស្ងាត់បែបនេះ។ សម្តេចតេជោថា ការស្ងប់ស្ងាត់បែបនេះមានភាពល្អប្រសើរ ហើយក៏រង់ចាំមើលផងដែរថា ក្នុងរដូវបុណ្យភ្ជុំនេះ «នរណាបាញ់នរណាមុន»