(ព្រះសីហនុ)៖ មន្រ្តីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ រួមសហការជាមួយ កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្ត និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ បានចាប់ផ្តើមបំពាក់បន្ថែមនូវស្លាកសញ្ញាសុវត្ថិភាពមួយចំនួនតាមតំបន់ឆ្នេរ ដើម្បីផ្តល់ដំណឹងជូនភ្ញៀវទេសចរអំពីចំណុចគ្រោះថ្នាក់ផ្សេងៗ នៅកន្លែងដែលពួកគេទៅកម្សាន្ត។

មន្រ្តីមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឱ្យដឹងថា យុទ្ធនាការនេះបានធ្វើឡើងតាំងពីថ្ងៃម្សិលមិញ ដោយបានរៀបចំដាក់ប៉ាណូ ស្លាកសញ្ញាព័ត៌មានទីតាំងទឹកគួច និងពោងសញ្ញាព័ត៌មានហាមម៉ូតូទឹកបើកបរចូលតំបន់ភ្ញៀវហែលទឹកកំសាន្តនៅឆ្នេរអូរឈើទាល ដែលអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ។

ប្រភពដដែលនេះ បាននិយាយថា ទន្ទឹមនឹងនេះក្រុមការងារក៏មានផែនការមួយចំនួនទៀតដូចជា ការសាងសង់ប៉មឆ្មាំសមុទ្របន្ថែម ការបង្កើត និងបើកវគ្គបណ្តុះបណ្តាលឆ្មាំសមុទ្រ ដើម្បីប្រចាំការនៅគ្រប់ឆ្នេរទាំងអស់នៅខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ មានករណីក្មេងប្រុសស្រី អាយុពី៩ឆ្នាំដល់១២ឆ្នាំ ចំនួន៣នាក់បានលង់ទឹកសមុទ្រ ពេលពួកគេនាំគ្នាមុជទឹកនៅឆ្នេរកន្ទុយនាគ ដែលជាចំណុចគ្រោះថ្នាក់ញឹកញាប់ បន្ទាប់មកជីតាពួកគេបានព្យាយាមចុះទៅជួយស្រង់ រួចក៏លង់ទឹកទាំង៤នាក់តែម្តង។ ក្រោយកើតហេតុអាក្រក់នេះ សមត្ថកិច្ច និងក្រុមសង្គ្រោះ បានជួយសង្គ្រោះស្រង់យកបានតែជីតា និងក្មេង២នាក់ទៀតតែប៉ុណ្ណោះ ចំណែកក្មេងស្រីអាយុ៩ឆ្នាំ រូបនេះ ត្រូវទឹករលកគួច រហូតដល់ស្លាប់បាត់បង់ជីវិតតែម្តង៕