(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ លោក មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ និងមានការចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ បានចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តឥសានគីរីសាមគ្គីមានជ័យ ហៅវត្តប្រយុទ្ធ ក្នុងសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ក្រុមការងារបាននាំយកសម្ភារៈបរិក្ខា និងបច្ច័យកសាងចំនួន ៩លាន និង៣០ម៉ឺនរៀលប្រគេនដល់វត្ត និងបានរាប់បាតឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជន និងដល់យុទ្ធជនដែលបានបាត់បងជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ហើយក្រុមការងារបានបន្តជួបសំណេះសំណាល និងចែកអំណោយកាកបាទក្រហមកម្ពុជា​ ដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៩៥គ្រួសារក្នុងភូមិអូបាក់ និងភូមិហ្មសែត ក្នុងក្រុងព្រះវិហារ ផងដែរ៕