Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រឹក្សាសន្តិសុខ នឹងបើកកិច្ចប្រជុំមួយជាបន្ទាន់ ក្រោយជនស៊ីវិល៤៥នាក់ ត្រូវបានសម្លាប់នៅក្នុង ទីក្រុងអាឡេប៉ូ

25-09-2016 16:22

(ញ៉ូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំជាបន្ទាន់មួយស្ដីពីប្រទេសស៊ីរីនៅ ថ្ងៃអាទិត្យនេះ តបតាមការស្នើសុំពីសំណាក់​ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អង់គ្លេស និង បារំាងដែល បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍រួមថា ជាការពិត រុស្ស៊ីមានតួនាទីចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការជួយសង្រ្គោះបទឈប់បាញ់ និងបញ្ឈប់ការវាយប្រយុទ្ធគ្នានៅទីក្រុង អាឡេប៉ូ។​ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ ២០១៦។

ជុំវិញវិបត្តិស៊ីរីនេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​​ បាន គីមូន និង សហភាពអឺរ៉ុបបានថ្កោល ទោសយ៉ាងខ្លំាង ចំពោះការរំលោភលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ បន្ទាប់ពីការវាយប្រហារទម្លាប់គ្រាប់បែក ដូចជាទឹកភ្លៀង កាលពីថ្ងៃសៅរ៍ បានផ្ដាច់អាយុជីវិតជនស៊ីវិលក្នុងទីក្រុងអាឡេប៉ូ យ៉ាងហោចណាស់ ៤៥នាក់។ នេះបើតាមអង្គការឃ្លំាមើលសិទ្ធិមនុស្សស៊ីរី។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្ដី ថ្លែងទៅកាន់អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក វ៉ាលីត ម៊ូអាល់លឹម បានអះអាងថា កងទ័ពរដ្ឋាភិបាលស៊ីរីបានទទួលជ័យជំនះ យ៉ាងធំធេង តាមរយៈការគំាទ្រពីប្រទេសរុស្ស៊ី អ៊ីរ៉ង់ និង ក្រុមឧទ្ទាមហេសប៊ូលឡាលីបង់ ដើម្បីឆ្ពោះទៅរក ជ័យជំនះចុងក្រោយ។

សូមជំរាបថា បទឈប់បាញ់នៅស៊ីរី ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ តែជារឿយបបទឈប់បាញ់តែងតែត្រូវ បានរំលោភបំពាន ហើយភាគីជម្លោះម្ខាងៗ ចេះតែចោទគ្នាទៅវិញទៅមក ចំណែកឯជនស៊ីវិលនៅតែបន្ត រងគ្រោះ ជាក់ស្ដែងគ្រាន់តែបទឈប់បាញ់ព្រមព្រៀងគ្នារវាង សហរដ្ឋអាមេរិក និង រុស្ស៊ី ដែលបានចូលជាធរ មានកាលពីថ្ងៃទី១២ ខែកញ្ញា អស់សុពលភាព ជនស៊ីវិលជាង ៤៥ នាក់ក្នុងនោះមានកុមារ១០នាក់ និង ស្រ្តី ៤នាក់ បានស្លាប់បាត់បង់ជីវិតដោយសារតែការវាយប្រយុទ្ធគ្នា ដោយហឹង្សានៅទីក្រុងអាឡេប៉ូ កាលពីថ្ងៃសៅរ៍៕