(កណ្តាល)៖ កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ឲ្យដឹងថា ពលរដ្ឋ១៣០០នាក់ ដែលរស់នៅខេត្តកណ្តាល ចង់សាកល្បងឲ្យលោក សម រង្សី ប្រធានគណបក្សសង្រ្គោះជាតិដឹកនាំប្រទេស គឺដូចជាសាកល្បងលើកកូនក្រមុំឲ្យមនុស្សរត់ចោលស្រុកដែរ។

កញ្ញា ធី សុវណ្ណថា បានលើកឡើងបែបនេះ ខណៈជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ១៣០០នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦។

យោងតាម Facebook Page ផ្លូវការរបស់កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ឲ្យដឹងថា «ព្រឹកនេះ វេទិកា(ទី៣៩) ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពលរដ្ឋ១៣០០នាក់ ពលរដ្ឋថា: ចង់សាកល្បងឲ្យលោក សម រង្សី ដឹកនាំប្រទេសដូចសាកល្បងលើកកូនក្រមុំ ឲ្យមនុស្សរត់ចោលស្រុក»

គួរបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា បានរៀបចំឲ្យមានវេទិកាសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅបណ្តារាជធានីខេត្តទូទាំងប្រទេស ហើយនៅរាល់ដង ដែលកញ្ញា បានចុះទៅជួបប្រជាពលរដ្ឋកន្លងមក មានប្រជាបលរដ្ឋជាច្រើននាក់ បានរិះគន់ យ៉ាងចាស់ដៃ លើថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ គឺលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។ ប្រជាពលរដ្ឋទាំងអស់នោះ តែងលើកឡើងថា អ្នកទាំងពីរនេះ មិនសាកសមជាអ្នកដឹកនាំឡើយ ហើយពួកគាត់ប្រកាសថា ឈប់គាំទ្រគណបក្សសង្រ្កោះជាតិទៀតហើយ៕