(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងភរិយា លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង សមាជិកសមាជិកា ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការរដ្ឋបាល ខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៩ នៅវត្តអង្គរខាងត្បូង និងវត្តព្រះឥន្ទកោសីយ៍ ក្រុងសៀមរាប នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។

នៅក្នុងឱកាសនោះ អភិបាលខេត្តសៀមរាប បាននាំយកនូវទ័យ្យទានវេប្រគេនដល់ព្រះសង្ឃសម្រាប់ ប្រើប្រាស់នៅក្នុងវត្តកេសរារាម និងវត្តព្រះព្រហ្មរត័្ន ក្នុងមួយវត្តៗ រួមមាន៖ អង្ករ ២៥០ គក្រ មី ៥ កេស ទឹកក្រូច ១០ កេស ទឹកត្រី ៥ យួរ ទឹកស៊ីអ៊ីវ ៥ យួរ ទឹកសុទ្ធ ១០ កេស ត្រីខ ៥ យួរ ស្ករស ១០ គក្រ និង ទឹកដោះគោ ១ កេស តែ ៣ កញ្ចប់ធំ បច្ច័យចំនួន ២ លានរៀល និង សីលវ័ន្ត សីលវន្តី ម្នាក់ៗ ក្រណាត់ស ១ ដុំ បច្ច័យ ១ ម៉ឺនរៀល ផងដែរ។

ក្រៅពីនោះ លោក ឃឹម ប៊ុនសុង បានសំណេះសំណាល សួរសុខទុក្ខជាមួយយាយជី តាជី និងពុទ្ធបរិស័ទ ហើយបានជម្រុញឲ្យ បងប្អូន លោកយាយ លោកតា ដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណ សូមអញ្ជើញទៅសាលាឃុំ សង្តាត់ដែលខ្លួនរស់ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា៕