(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងសមាជិក សមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៩ ជាមួយពុទ្ធបរិស័ទ នៅវត្តពោធិ៍មានបុណ្យ នៅក្នុងភូមិដង្គៀបក្តាម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

បន្ទាប់ពីការគោរពថ្វាយភូងផ្កាបូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ ព្រះសម្មាសាម្ពុទ្ធ នោះរួចមក លោក ម៉ៅ ធនិន និងលោកស្រី ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទ បានធ្វើការវេរប្រគេននូវទេយ្យទាន ទេយ្យវត្ថុដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្តពោធិ៍មានបុណ្យ រួមមានអង្ករ៣០០គក្រ មី៦កេស ទឹកក្រូច១០កេស ទឹកសុទ្ធ២០កេស បច្ច័យ២លានរៀល សីលវ័ន្តសីលវន្តីម្នាក់ៗ ក្រណាត់ស១ដុំ ក្មេងៗប្រុសស្រីម្នាក់ៗ ១ពាន់រៀល និងដោយមានការចូលរួម ពីសប្បុរសជន សរុបជួយកសាងរបងវត្ត ៥បន្លោះ គិតជាទឹកប្រាក់១,៥០០ដុល្លារ ផងដែរ។

លោក ម៉ៅ ធនិន បានលើកឡើងថា ពីទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ដែលត្រូវបានដូនតាថែរក្សាទុកតាំងពីបុរាណកាលតរៀងមកទុកឲ្យកូនចៅជំនាន់ក្រោយគោរពតាមរហូតដល់សព្វថ្ងៃ។ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានពុទ្ធបរិស័ទ ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយនាំយកនូវទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាផង ឧទិ្ទសកុសលជូនដល់បុព្វការីជនដែលបានចែកឋានទៅកាន់បរលោក និងទទួលបាននូវសេចក្តីសុខ សិរីសួស្តី រស់នៅប្រកបរបរទទួលទានមានបានគ្រប់គ្រប់ៗគ្នា។

លោកអភិបាលខេត្ត បន្ថែមថា ជាមួយនឹងការធ្វើបុណ្យទានជាប្រពៃណីនេះ គឺជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕