(ភ្នំពេញ)៖ ចោរស្រីជើងល្អ ឆក់ខ្សែកក្មេងស្រីអាយុ៧ បានសម្រេចតែរត់មិនរួច ត្រូវឪពុកក្មេងស្រី ចាប់បានរួចប្រគល់ឲ្យសមត្ថកិច្ច នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចកន្លែងប្រគុំតន្ត្រី ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ ឪពុកម្ដាយបាននាំកូនស្រីឈ្មោះ ទួន ស្រីនុត អាយុ៧ឆ្នាំ ទៅមើលការប្រគុំតន្ត្រីនៅជិតផ្ទះជួលរបស់ខ្លួន​ ខណៈដែលគាត់កំពុងតែឈរមើលការប្រគុំតន្ត្រីនោះ ស្រាប់តែជនសង្ស័យខាងលើ បានឆក់ខ្សែរកក្មេងស្រីនោះ បានសម្រេចតែរត់មិនរួចត្រូវឪពុកក្របួតជាប់ រួចប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។ នគរបាលដដែល បញ្ជាក់ថា ​ជនសង្ស័យឈ្មោះ​ សុខ ម៉ាប់ ហៅលក្ខ អាយុ២០ឆ្នាំ ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ​មានស្រុកកំណើតនៅ ស្រុកមេសាង ខេត្តព្រៃវែង។

ក្រោយពេលកើតហេតុ​ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរ ដើម្បីចាត់ការបន្ដ៕