(ពោធិ៍សាត់)៖ ក្រោយពីមានការណែនាំពីលោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង រួចមកលោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះអនាម័យ និងកម្ចាត់ជម្រកមូសខ្លានៅជុំវិញផ្ទះ ដោយដាក់ថ្នាំអាល់បែតក្នុងពាងទឹក ចាក់បំពេញដីនៅកន្លែងដក់ទឹក ត្រូវយកសំបកកង់ម៉ូតូឡានចាស់ៗ សំបកកំប៉ុង សំបកដូង និងសម្ភារផ្សេងៗ ដែលដក់ទឹកបង្កឲ្យមូសពង និងញាស់កូនទាំងអស់នោះយកទៅដុត ឬកប់ចោល។

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាស លោកវេជ្ជបណ្ឌិតដឹកនាំក្រុមការងារ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លា ដើម្បីការពារជំងឺគ្រុនឈាម និងជំងឺ «Zika» ព្រមទាំងបានចុះអប់រំ និងផ្សព្វផ្សាយ ពីផលប៉ះពាល់នៃជំងឺនេះជូនដល់ប្រជាពលរដ្ឋ នៅតាមបណ្តាខ្នងផ្ទះ ផ្លូវសារធារណៈ មន្ទីរពេទ្យ ស្រុកប្រតិបត្តិ ក្រុង/ស្រុក តាមសាលារៀន និងនៅកន្លែងផ្សេងៗទៀត នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។

លោកវេជ្ជបណ្ឌិត ខូយ ឌី បានឲ្យដឹងថា យុទ្ធនាការអប់រំ និងផ្សព្វផ្សាយបានចាប់ផ្តើមពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងនោះក្រុមការងារ បានធ្វើការអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យចេះប្រើវិធីការពារ កុំឱ្យមូសខាំ ដោយសម្រាកក្នុងមុងជានិច្ច ត្រូវសម្អាតលំនៅដ្ឋាន កុំឱ្យមានទឹកដក់ និងមានអនាម័យខ្ពស់ ដោយគោរពតាមពាក្យស្លោក «ហូបស្អាត ផឹកស្អាត រស់នៅស្អាត»។

លោកវេជ្ជបណ្ឌិត បានបន្តថា «មូសខ្លាជាប្រភពចម្លងជំងឺគ្រុនឈាម គ្រុនឈិក និងជំងឺ Zika  ដែលបាននឹងកំពុងកើតមានឡើងនៅតាមបណ្តាប្រទេសជិតខាង ហើយសម្រាប់កម្ពុជាចំពោះជំងឺ Zika ពុំទាន់កើតមានឡើងនៅឡើយទេ ជាក់ស្តែងយើងត្រូវបង្ការឲ្យខាងតែបាន»

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ជំងឺគ្រុនឈាម ក្នុងអំឡុង៩ខែ ឆ្នាំ២០១៦នេះ មិនមានអ្វីគួរឲ្យកត់សម្គាល់ទេ ពោលគឺពុំមានករណីស្លាប់ដោយសារជំងឺគ្រុនឈាមនោះទេ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋគ្រប់រូប ត្រូវដេកក្នុងមុង ត្រូវស្លៀកពាក់ខោអាវឲ្យក្មេងៗឱ្យបានជិតល្អ ជៀសវាងមូលខ្លាខាំ ដែលអាចបង្កឲ្យមានជំងឺគ្រុនឈាម គ្រុនឈិក និងជំងឺ ZIKA ដែលពិភពលោកកំពុងខិតខំទប់ស្កាត់ និងព្រួយបារម្មណ៍យ៉ាងខ្លាំងបំផុត៕