(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធិពលខេមរិភូមិន្ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ បានថ្លែងទៅកាន់សិស្សានុសិស្ស ដែលទើបប្រឡងជាប់ថា «ប្រឡងចប់ថា្នក់ទី១២ មិនមានន័យថា ឈប់ខំប្រឹងរៀននោះទេ»

ការថ្លែងបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ត្រូវបានធ្វើខណៈដែល នាយឧត្តមសេនីយ៍ ប៉ុល សារឿន ជួបសំណេះសំណាល ដើម្បីអបអរសាទរ ជាមួយសិស្សានុសិស្ស ដែលទើបប្រឡងជាប់ទុតិយភូមិ ឆ្នាំសិក្សា២០១៥-២០១៦ ទូទាំងខេត្តព្រះសីហនុ ប្រមាណជាង១០០០នាក់ នៅភោជនីយដ្ឋានសូវ៉ាឌីហ្គោល។

នាយឧត្តមសេនីយ៍ បានជំរុញឲ្យសិស្សជ័យលាភី បាក់ឌុបទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងសិក្សាបន្តទៅទៀត ដើម្បីពង្រឹងសមត្ថភាពចូលរួម ចំណែកជួយកសាងប្រទេសជាតិឲ្យ កាន់តែរីកចម្រើន​ថែមទៀត ហើយនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ទៅកាន់សិស្សជាប់បាក់ឌុបថា ការសិក្សាមិនតម្រូវថា ទាល់តែអ្នកមានជីវភាពធូរធារ ដើម្បីអាចសិក្សាបានខ្ពង់ខ្ពស់នោះទេ សំខាន់ស្ថិតលើការតាំង​ចិត្ត និងតស៊ូរបស់អ្នកសិក្សាម្នាក់ៗ។ បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើឲ្យយុវជនទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ការពារឲ្យបានកុំឲ្យមានគ្រោះថ្នាក់។

ក្នុងឱកាសនោះដែរ សិស្សានុសិស្ស ដែលទទួលបាននិទ្ទេសA ទាំង៧នាក់ក្នុងម្នាក់ទទួលបាន កុំព្យូទ័រយួដៃមួយគ្រឿងដូចៗគ្នា និងថវិកា៦០ម៉ឺនរៀល សម្រាប់លំដាប់ពិន្ទុខ្ពស់ជាងគេ លេខ២ ទទួលបាន​៥០ម៉ឺនរៀល លេខ៣ ទទួលបាន៤០ម៉ឺនរៀល លេខ៤ ទទួលបាន៣០ម៉ឺនរៀល  លេខ៥ លេខ៦ និងលេខ៧ ទទួលបាន២០ម៉ឺនរៀល និទ្ទេសB ៦៨នាក់ក្នុងម្នាក់ទទួលបាន ២០ម៉ឺនរៀល និទ្ទេសC ១៣៧នាក់ ម្នាក់ទទួលបាន១០ម៉ឺនរៀល និន្ទេសD+E ១៨៧នាក់ ម្នាក់ទទួលបាន ៥ម៉ឺនរៀល ផងដែរ៕