(កំពង់ស្ពឺ)៖ មន្ទីរជំនាញសាធារការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ការិយាល័យសុរិយោដី ស្រុកសំរោងទង រួមទាំងអាជ្ញាធរមូលដ្ឋាន បាននាំគ្រឿងចក្រមកកាយទំលាយទឹក ដែលកកស្ទះរហូតលិចផ្លូវជាតិលេខ៤ ឲ្យស្រកវិលមករកសភាពដើមវិញហើយ ខណៈទឹកចំណុចនោះ រងការលិចលង់ជារៀងរាល់ឆ្នាំ ដោយសារការរំលោភយកដីចំណីផ្លូវ ការចាក់ដីខ្ពស់ជាងផ្លូវ កាយដាក់លូ មិនត្រូវតាមស្តង់ដា ជាពិសេសការបោះសំរាមកកស្ទះលូ តាមចំណុចជាច្រើននៃរោងចក្រ និងផ្សារ។

មន្ត្រីជំនាញកំពុងរិះរកការដោះស្រាយ កាយប្រឡាយមេ ទៅកាន់តំបន់ប្រឡាយមេផ្សេងៗ ជាការធានាដល់បញ្ហាលេចលង់តាមដងផ្លូវសាធារណៈរបស់រដ្ឋ ប៉ុន្ដែមានការលើកឡើងថា បើទោះបីអាជ្ញាធរខំប្រឹងប្រែងយ៉ាងណា ក៏ចំណុចខាងលើ មិនមានភាពប្រសើរដែរ នោះគាត់បានសំដៅទៅលើការរំលោភ ការចាក់សង់លំនៅដ្ឋា ការដាក់លូ សុទ្ធតែខុសបច្ចេកទេស និងខុសស្តង់ដា ដែលនាំឲ្យស្ថានការនៅតែបន្តលិចលង់ជាប្រចាំ និងរាល់ឆ្នាំដដែលៗ។

ក្នុងពេលកាយប្រឡាយនោះ ក៏មានលេចចេញបាតុភាព មានក្រុមអ្នកតវ៉ា មិនឲ្យកាយប្រឡាយសំអាង ផលប្រយោជន៏ផ្ទាល់ខ្លួន ដោយមិនយល់ពីផលប្រយោជន៍រួមទាល់តែសោះ ហើយសមត្ថកិច្ចកំពុងរកមធ្យោបាយដោះស្រាយរកវិធី ឲ្យមានផ្លូវទឹកយ៉ាងចាំបាច់បំផុត។

សូមរំលឹកថា នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ កំណាត់ផ្លូវជាតិលេខ៤ ក្រោយពីភ្លៀងមួយមេយ៉ាងធំទល់ភ្លឺ នៅចំណុចមុខរោងចក្រ «សាប៊្រីណា» និងរោងចក្រ «ជេនីរ៉េសិន» ស្ថិតនៅភូមិត្រពាំងអំពិល ឃុំត្រពាំងកង ស្រុកសំរោងទង បានរងនូវការលិចលង់យ៉ាងខ្លាំង បន្ទាប់ពីមានភ្លៀងធំមួយយប់ទល់ភ្លឺនៅចំណុចខាងលើនោះ ហើយបានបណ្តាលឲ្យកកស្ទះចរាចរណ៍ រាប់ម៉ោងផងដែរ។

មិនតែប៉ុណ្ណោះ កំណាត់ផ្លូវជាតិលេខ៤ ម្តុំនោះនៅតែបន្តលិចលង់ពេញមួយ ថ្ងៃរហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍ ដែលមិនអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល ជាពិសេសជាអ្នកលក់ដុរមុខរោងចក្រតែម្តង ដែលប្រជាពលរដ្ឋនៅម្តុំនោះ បញ្ជាក់ថា រៀងរាល់ឆ្នាំនៅមុខរោងចក្រខាងលើនេះ មានការលិចលង់ជាបន្តបន្ទាប់ នៅពេលចូលរដូវវស្សាម្តងៗ។ ជាមួយគ្នានេះ ពួកគេក៏បានឃើញអាជ្ញាធរដាក់លូធំៗ នៅតំបន់នោះដែរ ក៏ប៉ុន្តែហាក់ពុំមានប្រសិទ្ធភាពទេ ដោយសារតែលូទាំងនោះចូលសំរាមពេញ មួយចំណែកទៀត គឺការមិនគោរព នៃការសាងសង់តាមចញ្ចើមផ្លូវតែម្តង ដោយមានសុំណូមពរក្រុមអាជ្ញាធរ បានកាយប្រឡាយមេរំដោះទឹក កែសម្រួលឱ្យបានល្អ នូវតំបន់នោះឡើងវិញបានខ្លះៗ ហើយតែហាក់មិនបានរហូតទេ ដោយសារតែមានពលរដ្ឋមួយចំនួន ហាក់រំលោភយកដីចំណីផ្លូវ ម៉្យាងដាក់លូមិនត្រូវតាមស្តង់ដា រឿងធំជាងនេះ គឺមានក្រុមកាយយកអាចម៍ដី ចាក់សម្រាប់សាងសងរោងចក្រ ដែលមានគ្រឿងចក្របានបំពានយ៉ាងធ្ងន់ធ្ងរផ្លូវសាធារណៈ និងមិនព្រមដាក់លូមុន និងចាក់ដីជាហេតុធ្វើឲ្យលិចលង់បែបនេះ៕