(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះសំណេះសំណាលជាមួយកសិករ និងប្រជាពលរដ្ឋ ប្រមាណ១២០០នាក់ នៅស្រុកសំរោង ខេត្តតាកែវ។

នៅលើបណ្តាញសង្គម Facebook កញ្ញា ធី សុវណ្ណថា បានអះអាងថាប្រជាពលរដ្ឋ និងកសិករទាំងនោះ មានភាពសប្បាយរីករាយ និងថ្លែងអំណរគុណដល់មន្រ្តី ក្រុមហ៊ុន និងពលរដ្ឋ ដែលចូលរួមយុទ្ធនាការទិញអង្ករ។

កញ្ញា បានសរសេរថា «ពលរដ្ឋសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឧកញ៉ា និងសប្បុរសជន ដែលបានចូលរួមយុទ្ធនាការទិញអង្ករខ្មែរ»។

សូមបញ្ជាក់ថា នាថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធបានអំពាវនាវឱ្យ មន្រ្តីរាជការ ក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋចូលរួមទិញអង្ករពីកសិករឱ្យបានគ្រប់ៗគ្នា ដើម្បីជួយសង្រ្គោះតម្លៃស្រូវដែលកំពុងធ្លាក់ចុះ។ បន្ទាប់ពីមានការអំពាវនាវនេះ គេសង្កេតឃើញថា មានមន្រ្តីរាជការ វិស័យឯកជន រួមទាំងប្រជាពលរដ្ឋនានាចូលរួមទិញអង្ករយ៉ាងផុសផុល៕