(ម៉ានីល)៖ នៅព្រឹកថ្ងៃសៅរ៍នេះ មានគ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រមួយ បានវាយប្រហារកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន ដែលបានបណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់ មនុស្សមួយចំនួននៅទីក្រុងដៅ ដែលស្ថិតនៅលើកោះនោះ។ នេះបើតាម ការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៦។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) បានអះអាងថា ចំណុចញ័ររញ្ជួយដែលមានជម្រៅ៦៩គីឡូម៉ែត្រ បានកើតឡើងនៅម៉ោង ៦៖៥៣នាទី (ម៉ោងនៅក្នុងទីក្រុងម៉ានីល) លើកោះ Mindanao ស្ថិតចម្ងាយប្រមាណ ១១៤គីឡូម៉ែត្រ ភាគខាងកើតក្រុងដាវៅ នៃប្រទេសហ្វីលីពីន។

មជ្ឍមណ្ឌលប្រកាសអាសន្នពីរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក បានអះអាងថា ការរញ្ជួយដីនេះមិនបានបង្កឲ្យមានរលកយក្សស៊ូណាមិនោះឡើយ រីឯទីភ្នាក់ងារគ្រោះរញ្ជួយដីប្រទេសហ្វីលីពីន បានទទួលស្គាល់ថា កម្រិត៦.៣រ៉ិចទ័រគឺជាការរញ្ជួយដ៏ខ្លាំងមួយ ដែលអាចបង្កជាការបំផ្លិចបំផ្លាញធ្ងន់ធ្ងរបាន ប៉ុន្តែវាអាស្រ័យទៅលើទីតាំង នៃចំណុចរំញ័រនិងជម្រៅរបស់វា។ ប្រការហេតុនេះ វាមិនបានបង្កជាគ្រោះថ្នាក់ ដែលបណ្តាលឲ្យមានការខូចខាតឬមនុស្សរងគ្រោះឡើយ ខណៈការរញ្ជួយនេះ បានកើតឡើងនៅក្រោមបាតសមុទ្រ ដែលមានជម្រៅដ៏ជ្រៅឯណោះ។

ជាមួយគ្នានេះដែរ លោក Dave Cabrera ដែលជាសន្តិសុខនៅសណ្ឋាគារ Uno ក្នុងទីក្រុងដាវៅ បានអះអាងថាការរញ្ជួយដីខាងលើ បានជះឥទ្ធិពលខ្លាំងគួរសម សាយភាយពេញទីក្រុងទាំងមូល ដោយភ្ញៀវជាច្រើនបានប្រញ៉ាប់រួសរាន់ចាកចេញពីក្នុងសណ្ឋាគារ។ ទន្ទឹមនឹងនេះ កម្មករប្រមាណ១,០០០នាក់ ដែលកំពុងសាងសង់អគារ២៣ជាន់ Avida Towers ត្រូវបានជម្លៀសខ្លួនចេញពីការដ្ឋានផងដែរ ព្រោះខ្លាចអគារនោះដួលរលំលើ។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ក៏មានទីតាំងភូមិសាស្រ្តស្ថិតនៅលើតំបន់ «Pacific Ring of Fire» និងធ្លាប់បានទទួលរងការវាយប្រហារ ដោយគ្រោះរញ្ជួយជាញឹកញាប់ផងដែរ៕