(សៀមរាប)៖ ភ្នាក់ងារព្រៃនៃអាជ្ញាធរជាតិអប្សរា ដែលមានកាតព្វកិច្ចយាមល្បាតព្រៃឈើ ទប់ស្កាត់បទល្មើសព្រៃឈើ និងណែនាំប្រជាពលរដ្ឋឲ្យ ចូលរួមថែរក្សាព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ បានទទួល ឯកសណ្ឋានថ្មី ពីសំណាក់លោក ឈរ ថាណាត អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។

ពិធីប្រគល់ឯកសណ្ឋានថ្មីនេះ  អគ្គនាយករងក៏បានផ្តល់អនុសាសន៍ និងយុទ្ធសាស្ត្របន្ថែមល្អៗ ដល់ភ្នាក់ងារព្រៃឈើទាំងអស់ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវបទល្មើសព្រៃឈើក្នុងតំបន់អង្គរទាំងមូល។ លើសពីការទប់ស្កាត់ ការដាំដុះបន្ថែម និងការអប់រំប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យ បានយល់អំពីសារៈសំខាន់នៃព្រៃឈើចំពោះប្រាង្គប្រាសាទ គឺជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា សព្វថ្ងៃភ្នាក់ងារព្រៃ ក្នុងតំបន់អង្គរទាំងមូល មានចំនួន៨០រូប ដែលតែងចុះល្បាត តាមព្រៃ ទប់ស្កាត់បទល្មើសព្រៃឈើ និងដាំបន្ថែមជាប្រចាំ។ ភ្នាក់ងារទាំងនេះភាគច្រើនគឺជា ប្រជាពលរដ្ឋដែលរស់ នៅក្នុងតំបន់ឧទ្យានអង្គរ។

លោកបន្ថែមថា «យើងផ្តល់ការងារដល់ពួកគាត់តាមសមត្ថភាព ដែលពួកគាត់មាន និងម្យ៉ាងទៀតពួកគាត់ជាអ្នកស្រុកអង្គរស្រាប់ គាត់ស្គាល់ព្រៃរបស់ពួកគាត់ច្បាស់ មានបញ្ហាកើតឡើងគឺពួកគាត់ ដឹងលឿន និងទប់ស្កាត់បានទាន់ពេលវេលា»

ដោយនិយាយពីមធ្យោបាយ ធ្វើដំណើរយាមល្បាតព្រៃឈើ លោកបញ្ជាក់ថា ភ្នាក់ងារព្រៃឈើទាំងអស់ទទួលបានកង់ម្នាក់មួយ ដើម្បីជិះយាមល្បាតតាមតំបន់ដែលខ្លួនទទួលខុសត្រូវ។ ចំណែកប្រធានក្រុម ដែលភាគច្រើនគឺជានិស្សិត ដែលបានបញ្ចប់បរិញ្ញាបត្រគ្រប់គ្រងព្រៃឈើ ទទួលបានម៉ូតូមួយគ្រឿង សម្រាប់បំពេញការងាររបស់ខ្លួន។

គួរបញ្ជាក់ថា ព្រៃឈើនៅតំបន់អង្គរសព្វថ្ងៃមានចំនួនជាង១៣%នៃផ្ទៃដីសរុប។ ចំនួននេះនៅតិចតួចនៅឡើយ បើធៀបនឹងតម្រូវការព្រៃឈើក្នុងឧទ្យានអង្គរទាំងមូល ព្រោះថា ព្រៃឈើមាន សារៈសំខាន់ណាស់ ចំពោះប្រាសាទ។ ព្រៃឈើជារនាំងការពារខ្យល់ព្យុះកុំឲ្យបក់បោកខ្លាំងមកលើប្រាសាទ ជារនាំងការពារទឹកជំនន់ហូរច្រោះប្រាសាទ ផ្តល់ម្លប់ត្រជាក់ដល់ប្រាសាទ និងជាពិសេស គឺជាទេសភាពវប្បធម៌ ដែលជួយលើកសម្រស់ប្រាង្គប្រាសាទឲ្យ មានសោភណភាពគួរគយគន់ពន់ពេក ដល់ភ្ញៀវទេសចរ។

បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានដាក់ផែនការដាំកូនឈើបន្ថែម ក្នុងតំបន់អង្គរយ៉ាងតិច ៦ម៉ឺនដើមក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើឲ្យបានល្អប្រសើរ៕