(កណ្តាល)៖ លោក ម៉ក់ ពេជ្ជរិទ្ធ អនុប្រធានក្រុមការងារ ចុះជួយស្រុកកៀនស្វាយ និងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំ ភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាលជា ប្រជាពលរដ្ឋ នៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដើម្បីចង់ដឹងពីសុខទុក្ខរបស់ពួកគាត់ ។

អនុប្រធានក្រុមការងារ ចុះជួយស្រុកកៀនស្វាយ និងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំ ភូមិធំ បានឲ្យដឹងថា ក្រុមការងាររបស់លោក គឺ ចង់ដឹងពីក្តីកង្វល់ និងទុក្ខលំបាក បងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាម្នាក់ ជួបការលំបាក ហើយបានសំណូមពរមកក្រុមការងារ គឺក្រុមការងារ និងជួយដោះស្រាយ។

លោកម៉ក់ ពេជ្ជរិទ្ធ បានថ្លែងថា " ទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋ គឺជាទុក្ខលំបាក របស់ថ្នាក់ដឹកនាំ និងក្រុមការងារ គណបក្សប្រជាជនកម្ពុជា ហើយមិនមែនមកសំណេះសំណាល ទះដៃចប់នោះទេ" ។

លោកអនុប្រធានក្រុមការងារ បានថ្លែងថា អ្វីដែលជាគោលបំណង របស់គណបក្សប្រជាជនកម្ពុជាចង់បាននោះ គឺការអភិវឌ្ឍន៍ប្រទេសឲ្យរីកចំរើនទៅមុខ ដូចបណ្តាប្រទេសជឿនលឿនលើពិភពលោក  ។ជាមួយគ្នាលោកម៉ក់ ពេជ្ជរិទ្ធ ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន នូវការសួរសុខទុក្ខរបស់បងប្អូនផងដែរ ។

ក្រោយពីសំណេះសំណាល ក៏មានប្រជាពលរដ្ឋ ដែលពួកគាត់ជួបការលំបាក ដូចជា ការចិញ្ចឹមជ្រូក របស់គាត់ ត្រូវបានឈ្មួញឲ្តតម្លៃទាប សិស្សស្រី ពីរនាក់ ដែលជួបការខ្វះខាត និងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ័ សូមក្រុមការងារជួយឧបត្ថម្ភ  និងមានបងប្អូនខ្លះមានជំងឺ ដូចជាសិស្សសាលាមួយចំនួន ត្រូវការកង់ជិះទៅសាលាជាដើម។

រាល់ទុក្ខលំបាកទាំងនេះ ត្រូវបានប្រធានក្រុមការងារ ចុះជួយឃុំដីឥដ្ឋនិងឃុំភូមិធំ ទទួលយកសំណើទាំងនេះ និងឲ្យក្រុមការងាររបស់ចុះពិនិត្យ ដើម្បីរកវិធីដោះស្រាយជូនពួកគាត់។

លោកបានបន្តទៀតថា អ្វីដែលលំបាក គឺត្រូវដោះស្រាយភ្លាមៗ ដោយមិនទុកយូរទេ ។ ជាមួយគ្នានោះ លោក ម៉ក់ ពេជ្ជរិទ្ធ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា តាមកាលកំណត់ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺចាប់ពីថ្ងៃទី ១ កញ្ញា ដល់ថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០១៦ខាងមុខនេះ ។

ក្រោយបញ្ចប់ពិធីសំណេះសំណាល ក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ ក៏បានផ្តល់អំណោយជាអង្ករ ដល់ ប្រជាពលរដ្ឋជិត៤០០គ្រួសារផងដែរ ៕