(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន​ សែន បានបង្ហាញក្រុមហ៊ុនដឹកអ្នកដំណើរចំនួន១៤ នៅលើបណ្តាញសង្គម Facebook ហើយបានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនទាំងនោះ ដែលបានប្រកាសមិនដំឡើងថ្លៃ ក្នុងការដឹកអ្នកដំណើរ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលនេះ។

ក្រុមហ៊ុនចំនួន១៤នោះ រួមមាន ១-ក្រុមហ៊ុន ថុង សម្បត្តិ ២-មហ៊ុន ម៉ី ហុង ដឹកអ្នកដំណើរ ៣-ក្រុមហ៊ុនផលបូប៉ាន់ ត្រេនស្ព័ត ខូអិលធីឌី ៤-ក្រុមហ៊ុននាគក្រហម ៥-ក្រុមហ៊ុន ដឹកអ្នកដំណើរឡារីតា ៦-ក្រុមហ៊ុន វ៉ាង រ៉ិច ៧-ក្រុមហ៊ុន Giant IBIS Transport ៨-ក្រុមហ៊ុនហ្គោលដេនបាយ័ន អេចប្រេស ៩-ក្រុមហ៊ុន រិទ្ធិ មុនី ដឹកអ្នកដំណើរ ១០-ក្រុមហ៊ុន កាពីតូល ១១-ក្រុមហ៊ុនពន្លឺអង្គរខ្មែរដឹកជញ្ជូន ១២-ក្រុមហ៊ុនណាហ្គាត្រេនស្ព័ត ១៣-ក្រុមហ៊ុនវីរៈប៊ុនថាំ និង១៤-ក្រុមហ៊ុន NATTANKAN Cambodia Co.LTD ដឹកជញ្ជូនអ្នកដំណើរឆ្លងដែន ជាដើម។

នៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សូមអរគុណក្រុមហ៊ុនដឹកអ្នកដំណើរ ដែលបានចូលរួមជួយរំលែកដល់ ការចំណាយរបស់បងប្អូនប្រជា ពលរដ្ឋ ជាពិសេសក្មួយៗកម្មករកម្មការនី រោងចក្រពេលធ្វើដំណើរទៅកាន់ស្រុកកំណើត នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ដោយសន្យាមិនតំឡើងថ្លៃឈ្នួល»​ ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងនគរបាល និងកងកម្លាំងប្រដាប់អាវុធយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ឱ្យបានល្អ ជូនដល់បងប្អូនប្រជាពលរដ្ឋ និង ទេសចរណ៍នៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ហើយសម្តេចបានជូនពរ ប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងទទួលបាននូវពុទ្ឋពរ៤ប្រការ ព្រមទាំងសំណាងល្អគ្រប់ៗគ្នា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

សូមបញ្ជាក់ថា ការប្រកាសមិនដំឡើងថ្លៃរបស់ក្រុមហ៊ុនដឹកអ្នកដំណើរខាងលើ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយជាមួយ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញ៕