(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី បានធ្វើការអះអាងនៅថ្ងៃសុក្រនេះថា ក្នុងរយៈពេលជិតមួយខែ ចាប់តាំងតែពីករណីឆ្លងវីរុស Zika ក្នុងតំបន់ជាលើកដំបូង ត្រូវបានរកឃើញដោយអាជ្ញាធរ ស្រ្តីមានផ្ទៃពោះសរុបចំនួន១៦នាក់ ត្រូវបានគេអះអាងថាបានឆ្លងវីរុសនេះ។ នេះបើតាម ការផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាយប់ថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦។

ជាការឆ្លើយទៅនឹងសំណើររបស់សារព័ត៌មាន Channel News Asia ក្រសួងសុខាភិបាលសិង្ហបុរី បានឲ្យដឹងថា ការពិនិត្យរកវីរុស Zika ចំនួន៦៥៨លើកត្រូវបានប្រព្រឹត្តិទៅ នៅចន្លោះថ្ងៃទី០៧ ដល់ថ្ងៃទី១៧ខែកញ្ញានេះ ដោយក្នុងការធ្វើតេស្តនោះ គឺត្រូវបានធ្វើឡើង២៩៧លើក ចំពោះស្រី្តមានផ្ទៃពោះនិងអ្នកដ៏ទៃទៀតដែលបានបង្ហាញពីអាការៈគួរឲ្យសង្ស័យ។ ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យកំពុងតាមដានយ៉ាងជិតស្និទ្ធ ជាមួយស្រី្តមានផ្ទៃពោះដែលបានឆ្លងវីរុស Zika ដើម្បីផ្តល់ជាការពិគ្រោះយោបល់ និងការគាំទ្រលើកទឹកចិត្ត។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលសិង្ហបុរី កំពុងបង្កើតគំរោងរៀបចំកម្មវីធីឃ្លាំមើលជាតិ ដើម្បីតាមដានការវិវឌ្ឍន៍របស់ទារក ដែលបានឆ្លងវីរុស Zika នៅក្នុងផ្ទៃម្តាយរបស់ពួកគេ ព្រោះថានៅក្នុងប្រទេសសិង្ហបុរី ពុំទាន់មានការរាយការណ៍ ពីករណីទារកកើតមកមានក្បាលតូច ដែលបណ្តាលមកពីឆ្លងវីរុស Zika ដូចករណីនៅប្រទេសប្រេស៊ីលនោះឡើយ៕