(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា ភ្នាក់ងារពន្លត់អគ្គិភ័យចំនួនប្រាំនាក់ បានពលីជីវិត របស់ពួកគេ ដើម្បីពន្លត់អគ្គិភ័យដ៏សន្ធោសន្ធៅមួយ ដែលបានឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែង នៅក្នុងទីក្រុងមូស្គូ នៃប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦។

មនុស្សជាង ១៦០នាក់ និងឧបករណ៍ប្រមាណ៥០គ្រឿង បានចូលរួមនៅក្នុងការពន្លត់អគ្គិភ័យ ដែលបានកើតឡើងនៅឃ្លាំងស្តុកឥវ៉ាន់មួយកន្លែង ស្ថិតនៅផ្លូវ Amurskaya ភាគខាងកើតទីក្រុងមូស្គូ ហើយទំហំនៃការឆាបឆេះគឺប្រហែល៤,០០០ម៉ែត្រក្រឡាឯណោះ។

នៅក្នុងហេតុការណខាងលើ ស្ថានីយ៍ទូរទស្សន៍រុស្ស៊ី NTV បានឲ្យដឹងថា អ្នកពន្លត់អគ្គិភ័យប្រាំនាក់ បានបាត់បង់ជីវិតអំឡុងពេលបំពេញកតព្វកិច្ចជូនជាតិ ហើយក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ី ក៏បានធ្វើការអះអាងដែរថា ភ្នាក់ងារពន្លត់អគ្គិភ័យចំនួន០៧នាក់ផ្សេងទៀត ពុំទាន់អាចទាក់ទង បាននៅឡើយទេ ខណៈប្រតិបត្តិការស្វែងរកកំពុងតែបន្ត។

គួរបញ្ជាក់ថា គ្រោះអគ្គិភ័យនេះត្រូវបានពន្លត់ដោយជោគជ័យ នៅយប់ថ្ងៃព្រហស្បតិ៍ (ពេលវេលានៅក្នុងទីក្រុងមូស្គូ)៕