(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងគណៈប្រតិភូដែលជាសមាជិកមកពី ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ ដំណើរទស្សនកិច្ច ស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ស្តីពី «គោលនយោបាយបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី» នៅប្រទេសកូស្តារីការហើយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។

នៅក្នុងដំណើរទស្សនកិច្ចនាពេលនោះ លោក សាយ សំអាល់ និងសមាជិកគណៈប្រតិភូបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Miguel Angel Rodriguez អតីតប្រធានាធិបតី (១៩៨៨-២០០២), លោក Carlos Manuel Rodriguez អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន (១៩៩៨-២០០៦) និង លោក​ Guillermo Zuñiga​ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​.

ថ្នាក់ដឹកនាំខាងលើនេះ គឺជាអ្នកផ្តួចផ្តើមយ៉ាងសំខាន់ក្នុងការរៀបចំដាក់ឱ្យអនុវត្តគោលនយោបាយបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី នៅក្នុងប្រទេសកូស្តារីកា។ក្រៅពីនោះ គណៈប្រតិភូកម្ពុជា ក៏បានអញ្ជើញទស្សនា តំបន់អេកូទេសចរណ៍ (Tropical Rainforest Adventures) ស្ថានីយ៍វារីអគ្គិសនី​ និងកសិដ្ឋានព្រៃអភិរក្សឯកជន​ ដែលទទួលបានអត្ថប្រយោជន៍ ពីការបង់ថ្លៃសេវាកម្មប្រព័ន្ធ អេកូឡូស៊ីផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចនោះ ភាគីកូស្តារីកា បានប្រាប់ឲ្យដឹងថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារ អភិរក្ស និងស្តារឡើងវិញនូវគម្របព្រៃឈើ ដែលបានបាត់បង់នាពេលកន្លងមក ដោយសារការអនុវត្ត គោលនយោបាយ ប្រើប្រាស់ដីធ្លីសម្រាប់ពង្រីកដំណាំកសិកម្មមិនសមស្របទៅនឹងស្ថានភាព និងគុណភាពដី នៅពាក់កណ្តាលទសវត្សឆ្នាំ ៩០ ប្រទេសកូស្តារីកាបានចាប់ផ្តើមរៀបចំ ដាក់ឱ្យអនុវត្តគោលនយោបាយ បង់ថ្លៃសេវាកម្ម ប្រព័ន្ធ អេកូឡូស៊ី​ ដែលថវិកាភាគច្រើន បានមកពីពន្ធកាបូនលើការប្រើប្រាស់ ឥន្ធនៈផូស៊ីល និងថ្លៃប្រើប្រាស់ទឹក រួមទាំងទំនប់វារីអគ្គិសនីផងដែរ។

ថវិកាដែលប្រមូលបានមកពីពន្ធកាបូន និងថ្លៃប្រើប្រាស់ទឹក ត្រូវបានដាក់បញ្ចូលទៅក្នុងមូលនិធិព្រៃឈើ ដែលត្រូវបានប្រើប្រាស់សម្រាប់ បង់ជូនម្ចាស់កសិដ្ឋាន សហគមន៍មូលដ្ឋាន និងអង្គភាពគ្រប់គ្រងតំបន់ ការពារធម្មជាតិ ដើម្បីលើកកម្ពស់ការថែរក្សាការពារ និងកែលម្អមុខងារ និងតម្លៃសេវាកម្មប្រព័ន្ធអេកូឡូសុីនៅតាមតំបន់សំខាន់ៗនៃប្រទេសកូស្តារីការ។  គម្របព្រៃនៅប្រទេសកូស្តារីកាបានធ្លាក់ចុះពី ៧០​ ភាគរយ ក្នុងឆ្នាំ១៩៤០ មកនៅត្រឹម ២១ ភាគរយប៉ុណ្ណោះក្នុងឆ្នាំ១៩៨៧ ហើយតាមរយៈការកែសម្រួលគោលនយោបាយប្រើប្រាស់ដីធ្លី និងការអនុវត្តការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី គម្របព្រៃបានកើនឡើងដល់ ៥២ ភាគរយវិញគិតត្រឹមឆ្នាំ២០១២។

គួរបញ្ជាក់ថា នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា ដែលមានសមាសភាពមកពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញ ធ្វើទស្សនកិច្ចនៅប្រទេសកូស្តារីការ (Costa Rica) ដើម្បីសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍អំពីការអនុវត្ត «គោលនយោបាយបង់ថ្លៃសេវាកម្ម ប្រព័ន្ធអេកូឡូស៊ី (Payment for Ecosystem Services)» ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦៕