(ភ្នំពេញ)៖ លោក ប៉ឹល កុសល អភិបាល​ខណ្ឌសែនសុខ បាន​ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចូលរួម​កាន់បិណ្ឌវេនទី៧ នៅវត្តសំរោងអណ្តែត នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ដែលជាពិធីបុណ្យជាតិដ៏សំខាន់បំផុត របស់ប្រពៃណីរបស់ខ្មែរដែលកាន់ សាសនាព្រះពុទ្ឋ។

ក្នុងនោះអ្នកចូលរួម​ បាននាំយកនូវស្បៀងអាហារ បំរុងផ្សេងៗ ជាច្រើនប្រភេទ និងនាំគ្នារៃអង្គាសប្រាក់ ដោយស្ម័គ្រចិត្ត សទ្ធាជ្រះថ្លា រៀងៗខ្លួន យកទៅប្រគេន ដល់ព្រះចៅអធិការវត្ត រីឯសម្ភារៈ ឬទេយ្យទានវត្ថុ ដែលត្រូវបានយកកប្រគេន ព្រះសង្ឃនៅពេលនោះរួមមាន ប្រាក់​១,៥០០,០០០រៀល អង្ករ២បាវ ទម្ងន់១០០គីឡូក្រាម មីកញ្ចប់១កេស ទឹកដោះគោ១កេស ស្ករស​២៥គីឡូក្រាម ត្រីខ១កេស​ ទឹកក្រូច៥កេស និងទឹកបរិសុទ្ធ១៥យួរ។

តាមទំនាមទម្លាប់បុណ្យភ្ជុំបិណ្ឌ បានចាប់ផ្តើមធ្វើនៅថ្ងៃ១រោជ ខែភទ្របុត្រ ដល់ថ្ងៃ១៤រោជ សម្រាប់ពិធីកាន់បិណ្ឌវេនទី១ ដល់វេនទី១៤ ហើយនៅវេនទី១៥ ឬថ្ងៃ១៥រោជ គឺជាថ្ងៃបុណ្យភ្ជំបិណ្ឌតែម្តង ដូច្នេះបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យជាតិធំជាងគេ និងមានសារៈសំខាន់បំផុត នៃប្រពៃណីខ្មែរ ដែលត្រូវបានគេនាំគ្នាគោរពបូជាតាំងពីដូនតា យូរលុងមកណាស់ហើយ រហូតមកដល់សព្វថ្ងៃនេះដែលក្នុងគោលបំណង សែនព្រែនម្ហូបអាហារ ឧទ្ទិសកុសល ដល់ជីដូនជីតា ឪពុកម្តាយ ឬប្តីប្រពន្ឋ បងប្អូនញាតិមិត្តទាំងឡាយ ដែលបានទទួល មរណៈភាព​ និងឧទ្ទិស សុំទទួលយកនូវសេចក្តីសុខ ដែលម្ហូបអាហារទាំងនោះ ត្រូវយកមកប្រគេនបិណ្ឌបាត ដល់ព្រះសង្ឃឆាន់​ ទើបអាហារ​និងសំលៀកបំពាក់ទាំងនោះបាន ដល់ដួងវិញ្ញាណរបស់សព ឬប្រេត ទាំងនោះជាក្រោយ បានឆ្អែតគ្រប់គ្រាន់ និងស្លៀកពាក់បាន​៕