(ឡូសអាន់ជែឡេស)៖ ស្របពេលដែលលោក Brad Pitt ត្រូវបានភរិយាគឺអ្នកនាង Angelina Jolie ប្តឹងលែងលះ ឥឡូវនេះក៏មានរឿងហេតុថ្មីមួយផ្សេងទៀត បានកើតឡើងចំពោះតារាសម្តែងប្រុស ដ៏ល្បីល្បាញមួយរូបនេះ ដោយលោកអាចនឹងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ស្ថាប័ន FBI អាមេរិក បន្ទាប់ពីទទួលរកពាក្យចរចាមអារាមថា Pitt បានធ្វើទុក្ខបុកម្នេញទាំងផ្លូវកាយនិងផ្លូវចិត្តលើកូនៗ របស់លោក ក្នុងអំឡុងពេលធ្វើដំណើរលើយន្តហោះផ្ទាល់ក្រុមគ្រួសារ។ នេះបើតាមការផ្សាយដោយ សារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦។

ប្រភពមិនបញ្ចេញអត្តសញ្ញាណដែលធ្វើបានការចោទប្រកាន់ខាងលើ បានរាយការណ៍ថាលោក Brad Pitt បានចាប់ផ្តើមស្រែកគំហកខ្លាំងៗ និងបានវាយកូនៗរបស់លោក ខណៈកំពុងធ្វើដំណើរនៅលើ យន្តហោះឯកជនមួយគ្រឿង ដែលបានហោះហើរពីប្រទេសបារាំង ទៅកាន់ទីក្រុង Los Angeles ហើយហេតុការណ៍នេះ អាចបានកើតឡើងដោយលោក Pitt ស្ថិតនៅក្រោមឥទ្ធិពលនៃជាតិស្រវឹង។

ជុំវិញការចោទប្រកាន់នេះដែរ ក្រុមភ្នាក់ងារ FBI បាននិងកំពុងតែបន្តប្រមូលភស្ថុតាង ដើម្បីធ្វើការ វាយតម្លៃថា គួរតែបើកការស៊ើបអង្កេតទៅលើករណីនេះដែរឬយ៉ាងណានោះ។

គួរបញ្ជាក់ថា ព័ត៌មាននេះបានលេចលឺឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកនាង Angelina Jolie បានដាក់ពាក្យបណ្តឹងលែងលះស្វាមីខ្លួន គឺលោក Brad Pitt ដោយបានអះអាងថា ការរស់នៅរវាង អ្នកទាំងពីរគឺគ្មានភាពចុះសម្រុងនឹងគ្នា ហើយព្រមទំាងបានធ្វើការស្នើសុំសិទ្ធិ ទាំងស្រុងលើការថែរក្សា កូនៗទាំង០៦នាក់តែឯងថែមទៀតផង៕