(វ៉ាស៊ីនតោន)៖ នៅបន្ទាប់ពីគេហទំព័​រ Re/Code អះអាងថាព័ត៌មានរបស់ប្រើប្រាស់Yahoo! រាប់រយលាននាក់ត្រូវបានគេលួច នៅទីបំផុតក្រុមហ៊ុន Yahoo! របស់សហរដ្ឋអាមេរិក បានទទួលស្គាល់ នៅថ្ងៃព្រហស្បតិ៍ថា គណនីអ្នកប្រើប្រាស់របស់ខ្លួនជាង ៥០០លាននាក់ ពិតជាត្រូវបានគេចូលលួច ដូចការអះអាងនេះប្រាកដមែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមហ៊ុន Yahoo! បាននិយាយថា « យើងបានបញ្ជាក់ហើយថា ព័ត៌មាននៃអ្នកប្រើប្រាស់របស់យើងត្រូវបានគេលួចនៅចុងឆ្នាំ២០១៤ ​ហើយព័ត៌មានដែលត្រូវគេលួច នោះអាចជា ឈ្មោះសារអេឡិចត្រូនិច ឬ Email លេខទូរសព្ទ ថ្ងៃខែឆ្នាំកំណើត លេខសម្ងាត់ សំនួរពាក់ព័ន្ធនឹងសន្តិសុខ ឬក៏ចម្លើយរបស់អ្នកប្រើប្រាស់។ ចំណែកឯការស៊ើបអង្កេតមិនបានបញ្ជាក់ នោះទេថាពាក្យសម្ងាត់ ឬក៏ព័ត៌មានធនាគារត្រូវបានគេលួចដែរឬយ៉ាងណានោះ គ្រាន់តែយើងគិតថា នេះគឺជាការវាយប្រហារផ្នែក ព័ត៌មានវិទ្យាប្រព្រឹត្តិឡើងដោយប្រទេស ឬក៏រដ្ឋណាមួយ»។

គួរបញ្ជាក់ថា ក្រុមហ៊ុន Yahoo! គ្រោងនឹងផ្ដល់ព័ត៌មានដល់ អ្នកប្រើប្រាស់ដែលត្រូវគេចូលលួចទិន្នន័យ ព្រមទំាងសន្យាធ្វើកិច្ចសហការជាមួយនឹងអាជ្ញាធរអាមេរិក ដើម្បីស៊ើបអង្កេតលើការវាយប្រហារ ផ្នែកព័ត៌មានវិទ្យា ដ៏ធំបំផុតមួយនេះ៕