(កំពត)៖ អង្គការគ្រួសារថ្មី នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរៀបចំប្រគុំដន្ត្រី ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានដឹង បានយល់ និងស្គាល់ អំពីបញ្ហាការពាក់ព័ន្ធ ជុំវិញ កុមាពិការភ្នែក និងគ-ថ្លង់ ដែលរៀបចំប្រគុំ នៅវត្តព្រៃក្រឡា ស្ថិតក្នុងភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ខេត្តកំពត ក្នុងនោះដោយមានការចូលរួម ពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន អាជ្ញាធរ ប្រជាពលរដ្ឋ កុមារពិកាភ្នែក និងគ-ថ្លង់ ជាច្រើននាក់។

លោក ទេព រដ្ឋា ប្រធានអង្គការគ្រួសារថ្មី បាន​ឲ្យដឹងថា ការប្រគុំដន្ត្រីនាពេលនេះ ក្នុងគោល ផ្សព្វផ្សាយ អប់រំ ឲ្យប្រជាពលរដ្ឋទាំងអស់គ្នា បានដឹង បានយល់ និងស្គាល់ ពីការអប់រំ សម្រាប់កុមារពិកាភ្នែក និងគ-ថ្លង់ ជាពិសេស គឺឲ្យឪពុក ម្តាយណា ដែលមានកូនពិកាភ្នែក គ-ថ្លង់ និងឲ្យពួកគាត់បញ្ជូនកុមារទាំងអស់នោះ មកចុះឈ្មោះចូលរៀននៅតាមសាលា នៃអង្គការគ្រួសារថ្មី ឬសាលាបឋម សិក្សារបស់រដ្ឋ ដែលនៅជិតផ្ទះរបស់ពួកគាត់ ដែលក្នុងមូលដ្ឋានរបស់ពួកគាត់ មានកុមារពិកា គ ថ្លង់ចាប់ពី៥នាក់ឡើងទៅ ម្យ៉ាងទៀត គោលបំណង ចង់បង្ហាញលើសមត្ថភាព របស់ជនពិកា នឹងថាពួកគេមានសមត្ថភាព អាចធ្វើអ្វីបានខ្លះ។

សូមបញ្ជាក់ថា ជនពិកាភ្នែក គ-ថ្លង់ ដែលមកចូលរួមក្នុងកម្មវិធីនៅរាត្រីសម្ដែងនេះ រួមមាន ៩០នាក់ ក្នុងនោះសិស្ស៧៤នាក់ និងបុគ្គលិក១៦នាក់ មកពីរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម និងរៀបចំកម្មវិធីផ្សព្វផ្សាយ អប់រំ ជាថ្ងៃបន្តបន្ទាប់ ​៤កន្លែង ក្នុងស្រុកបន្ទាយមាស ខេត្តកំពត៕