(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អាកាសធាតុនៅលើផ្ទៃសមុទ្រ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ មេឃមានសភាពអាប់អួរ ពពកខ្មៅដុំៗ ខ្យល់បក់កន្រ្តាក់ជាមធ្យម រីឯរលកសមុទ្របោកបក់ជាមធ្យមផងដែរ តែយ៉ាងណា លោកស្នងការនៅតែទទូច ឱ្យប្រជាពលរដ្ឋ ប្រជានេសាទ និងភ្ញៀវទេសចរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច កុំមានការធ្វេសឱ្យសោះ។

លោកឧត្តមសេនីយ៍ទោបានឱ្យដឹងថា «អាកាសធាតុលើផ្ទៃសមុទ្រព្រឹកនេះ​ មេឃមានសភាពអាប់អួរ កម្លាំងខ្យល់បក់​​កន្ត្រាក់ម្តងៗជាមធ្យម និងទឹករលកយោលយោគមធ្យម នៅតាមចន្លោះឃ្លងបង្គួរ។ ដោយឡែក តាមឆ្នេរអូរឈើទាលខ្សល់បក់មធ្យម និងទឹករលកយោលយោគបង្គួរ»

លោកបានបញ្ជាក់ថា អាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះសូមប្រជាពលរដ្ឋ អ្នកនេសាទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច។ ជាមួយគ្នានេះ លោកស្នងការបានបន្ថែមថា កម្លាំងនគរបាលបានសហការ ជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានត្រៀមរួចជាស្រេច ដើម្បីចេញជួយអន្តរាគមន៍ បើសិនមានហេតុការណ៍ ណាមួយកើតឡើងនោះ៕