(ព្រះសីហនុ)៖ បុរសកំណាចឃោឃៅម្នាក់ អង្គុយផឹកស្រាសុខៗ ស្រាប់តែយកពូថៅដេញកាប់ អ្នកជិតខាងទាំងកម្រោលបណ្ដាលឱ្យ ស្រ្តីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម និង២នាក់ទៀតរងរបួសធ្ងន់ បង្កឱ្យមានភាពភ្ញាក់ផ្អើលដល់អ្នកជិតខាង ដល់កម្លាំងសមត្ថកិច្ចទាំងយប់ រហូតចេញចាប់បានភ្លាមៗផងដែរ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦  នៅភូមិត្រពាំងស៊ុយ១​ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់។

លោកស្នងការបានបន្តថា ជនសង្ស័យឈ្មោះ ផាន់ ចាន់ឌី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅកន្លែងកើតហេតុខាងលើ។ ចំណែកជនរងគ្រោះទាំង៣នាក់ មានឈ្មោះទី១.ឈួន ល័ក្រ ភេទស្រី អាយុ៣០ឆ្នាំ (បានស្លាប់)​ ទី.ឆាយ លីន ភេទស្រី អាយុ១៥ឆ្នាំ (របួសធ្ងន់)​ និងទី៣.យោង ឆាយ ភេទប្រុស អាយុ៣៦ឆ្នាំ (របួសធ្ងន់) អ្នកទាំង២ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ។

ជនកំណាចខាងលើ ត្រូវបានកម្លាំងជំនាញរបស់លោក ឃាត់ខ្លួនបានភ្លាមៗ និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការស្រុកព្រៃនប់ ដើម្បីកសាសំណុំរឿងបញ្ជូន ទៅតុលាការដោះស្រាយបន្ត។

ចំណែកសពជនរងគ្រោះឈ្មោះ ឈួន ល័ក្រ ត្រូវកម្លាំងសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕