(ឥណ្ឌូណេស៊ី)៖ អាជ្ញាធរឥណ្ឌូណេស៊ីប្រចាំនៅកោះ Bali បានឃាត់ទុកទូកដឹកជីទម្ងន់ប្រមាណ៣០តោនមួយគ្រឿង ធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី ដែលត្រូវបានសមត្ថកិច្ចជឿជាក់ថា ជីទាំងអស់នោះអាចនឹងត្រូវយកទៅប្រើប្រាស់ធ្វើជាគ្រាប់បែក។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦។

ខណៈពេលនេះ ប៉ូលិសបាន និងកំពុងធ្វើការសួរចំឡើយ អ្នកធ្វើការនៅលើទូកនោះ និងកំពុងធ្វើការត្រួតពិនិត្យលើវត្ថុធាតុដើម ដែលជាជីផ្ទុកសារធាតុផ្ទុះ Ammonium Nitrate ប្រមាណ៣០តោននេះ ថាតើមានជាប់ពាក់ព័ន្ធនឹងបណ្តាញក្រុមសកម្មប្រយុទ្ធណាមួយដែរឬយ៉ាងណា ដោយបច្ចុប្បន្ន ប្រទេសដែលមានជនមូស្ល៊ីមរស់នៅច្រើនជាងគេមួយនេះ នៅតែបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះការវាយប្រហារ ពីសំណាក់ពួកក្រុមសកម្មប្រយុទ្ធ។

មន្រ្តីបូលីសប្រចាំកោះ Bali លោក Hendra Suhartiyono បានឲ្យដឹងថាអាជ្ញាធរមានសមត្ថកិច្ច បាននិងកំពុងពិនិត្យពិច័យទៅលើសារធាតុខាងលើ ដែលបានដឹកមកពីប្រទេសម៉ាឡេស៊ីនោះ ថាវាត្រូវបានដឹកសំដៅទៅកាន់កោះ Sulawesi ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ដែលជាតំបន់ពូកសកម្មប្រយុទ្ធ ដែរឬយ៉ាងណា។ លោកបានិយាយថា «យើងមិនប្រាកដែរនោះទេថាសារធាតុទាំងនេះ ... អាចមានឬមិនអាចមានសារៈប្រយោជន៍ ចំពោះក្រុមភេរវករនៅលើកោះ Sulawesi ក្នុងការផលិតគ្រាប់បែកដែលមានឥទ្ធិពលខ្លាំងនិងខ្សោយ»។

គួរបញ្ជាក់ដែរថា អ្នកធ្វើការនៅលើទូកខាងលើទាំងប៉ុន្មានបានសារភាពថា ទូករបស់ពួកគេត្រូវបានជួលឲ្យដឹកឥវ៉ាន់ទៅកាន់កោះ Sulawesi នៃប្រទេសឥណ្ឌូណេស៊ីពិតមែន ដោយពួកគេបានគិតថាវត្ថុនៅក្នុងបាវទាំងនោះគឺជាជីធម្មតាតែប៉ុណ្ណោះ តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចចាំបាច់ត្រូវចាត់វិធានការតាមច្បាប់ ចំពោះជនទាំងអស់នេះ៕