(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជួបពិភាក្សាការងារ ជាមួយលោក ហាជីមិ សៃតុ ប្រធានសហព័ន្ធសន្តិភាពសកល ឥណ្ឌូចិន ហៅកាត់ថា (UPF-Indochina) ដើម្បីពិភាក្សាពីគម្រោង បើកសិក្ខាសាលាស្តីពី «តួនាទីរបស់យុវជនកម្ពុជាក្នងការកសាងសន្តិភាព»។ ក្នុងឱកាសនោះ លោក អភិបាលខេត្ត បានសំណូមពរ ឱ្យខាងអង្គការ UPF ពន្យល់ឱ្យបានច្បាស់ទៅកាន់យុវជន អំពីអ្វីទៅ ដែល ហៅថាការផ្លាស់ប្តូរ។

អភិបាលខេត្តកំពង់ស្ពឺ និងប្រធានUPF-Indochina បានជួបពិភាក្សាគ្នា នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នេះ។

លោក អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា «តើយើងទទួលយកការផ្លាស់ប្តូរ ដែលនាំមនូវសង្គ្រាម ឬក៏យើងទទួលយកការផ្លាស់ប្តូរដែល នាំមកសន្តិភាព!»

ក្នុងកិច្ចពិភាក្សានេះ រដ្ឋបាលខេត្តបានកំណត់យក សប្តាហ៍ទី៤ នៃ ខែតុលា ឆ្នាំ២០១៦ ជាកាលបរិច្ឆេទរៀបចំ សិក្ខាសាលាជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក និងយកសប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០១៦ ជាកាលបរិច្ឆេទ រៀបចំវេទិកាស្តីពីតួនាទីយុវជនដើម្បីសន្តិភាព និងការអភិវឌ្ឍ ដែលអាចមានយុវជនចូលរួមប្រមាណ ៤ពាន់ ទៅ៥ពាន់នាក់។

សូមបញ្ជាក់ថា UPF នឹងបន្តអញ្ជើញថ្នាក់ដឹកនាំ ទៅចូលរួមសិក្ខាសាលាថ្នាក់តំបន់នៅក្រៅប្រទេសបន្តទៀត អាស្រ័យលើផែនការ និងកញ្ចប់ថវិការបស់គម្រោងខ្លួន៕