(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានស្នើឲ្យ លោក ហ៊្វូមីអាគី តាកាហាស៊ី (TAKAHASHI Fumiaki) ប្រធានសមាគម កម្ពុជា-ជប៉ុន ឱ្យជួយដល់ពលករកម្ពុជាជាង៣ពាន់នាក់ និងនិស្សិតជាង៥០០នាក់ នៅពេលដែលជួបប្រទះបញ្ហាផ្សេងៗ។ នេះបើតាមបញ្ជាក់របស់លោក លោក ថៃ វណ្ណា ទីប្រឹក្សាលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោយជំនួបសំណេះសំណាល សម្ដែងការគួរសម រវាងឧបនាយករដ្ឋមន្ដ្រី ជាមួយលោក ហ៊្វូមីអាគី តាកាហាស៊ី (TAKAHASHI Fumiaki) ប្រធានសមាគម កម្ពុជា-ជប៉ុន។

ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ក៏បានស្នើឲ្យសមាគមនកម្ពុជា-ជប៉ុន ជួយរកអាហារូបករណ៍បន្ថែម សម្រាប់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសជប៉ុនផងដែរ។ ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ដ្រី ក៏បានរំលឹកផងដែរថា កាលពីលោក នៅជារដ្ឋមន្ដ្រីក្រសួងការបរទេស ហើយលោក ហ៊្វូមីអាគី តាកាហាស៊ី ជាអគ្គរាជទូត ពេលនោះភាគីទាំង២ បានចុះហត្ថលេខា លើគម្រោងមាន២៤គម្រោង ដែលមានទឹកប្រាក់ប្រមាណជាង ២០ពាន់លានយ៉ែន សម្រាប់ជំនួយ និង៦០ពាន់លានយ៉ែន ជាកម្ចី។

ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ក៏ថ្លែងអំណរគុណចំពោះបេសកកម្មរបស់ លោក ហ៊្វូមីអាគី តាកាហាស៊ី ដែលបានជួយពង្រឹងនិងពង្រីង នូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ជប៉ុន ក្នុងរយៈពេលដែលលោក ជាអគ្គរាជទូតនៅកម្ពុជា ចាប់ពីឆ្នាំ២០០៣ដល់ ឆ្នាំ២០០៧។ បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី ដល់លោកប្រធានសមាគមន កម្ពុជា-ជប៉ុន ដែលបាននាំក្រុមហ៊ុនមកវិនិយោគ មន្ទីរពេទ្យជប៉ុនឈ្មោះ «សាន់រ៉ាយស៍» ដែលទើបសម្ភោធនាពេលថ្មីៗនេះ ក្រោមវត្តមានអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោក ហ៊្វូមីអាគី តាកាហាស៊ី បានបញ្ជាក់ថា សមាគមន កម្ពុជា-ជប៉ុន គឺជាសមាគម ជួយនិស្សិតកម្ពុជា ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសជប៉ុន និងនិស្សិតដែលសិក្សានៅជប៉ុន ហើយលោកមានគម្រោង សហការជាមួយ ទូតកម្ពុជា ប្រចាំនៅជប៉ុន ដើម្បីរៀបចំឲ្យមានជំនួបរវាងនិស្សិតជប៉ុន នឹងគ្រួសារជប៉ុន ដើម្បីបង្កើនទំនាក់ទំនងមិត្តភាព កាន់តែស៊ីជម្រៅ៕