(សៀមរាប)៖ ដើមឈើងាប់ រស់ និងដួលរលំ ដោយសារភ្លៀងខ្យល់៦ដើម ត្រូវបាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរាកាប់ និងកាត់ក្រីមែកឈើ៥ដើម ក្នុងតំបន់ឧទ្យានអង្គរ ដើម្បីបង្ការហានិភ័យ ដែលអាចនឹងកើតមានឡើង ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នៅពេលពួកគាត់ធ្វើដំណើរ តាមដងផ្លូវ និងទស្សនាប្រាង្គប្រាសាទផ្សេងៗ ក្នុងតំបន់ឧទ្យានអង្គរ ដោយយថាហេតុណាមួយដែល មិនអាចដឹងទុកជាមុនបាន។

លោក ទូច តេត្រា បុគ្គលិកបច្ចេកទេស នាយកដ្ឋានគ្រប់គ្រព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានលើកឡើងថា ការកាត់ក្រែមែកឈើ ឬកាប់ដកហូតទាំងស្រុង នូវដើមឈើ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុនោះ គឺក្រុមការងារតែងអនុវត្តជាប្រចាំ ដោយក្រុមការងារអង្កេតហានិភ័យដើមឈើ ដែលតែងចុះទៅអង្កេតមើលដើមឈើ ដើម្បីដឹងថា ដើមឈើណាអាចនឹងបង្កហានិភ័យខ្ពស់ ដល់ប្រាង្គប្រាសាទ វត្តអារាម សាលារៀន ផ្ទះប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរទូទៅ។

លោកបញ្ជាក់ថា ដើមឈើដែលកាប់ ឬកាត់ក្រីមែកនោះ ទាល់តែមានហានិភ័យខ្ពស់ខ្លាំងណាស់មានដូចជាដើមឈើ ងាប់ ពុកគល់ ពុកមែក និងទេ្រត ទៅលើប្រាង្គប្រាសាទ ឬផ្លូវ ដើមឈើរស់ប្រហោងគល់ ប្រហោងក្នុងខ្លាំង មានមែកងាប់ និងទ្រេត ទៅលើប្រាង្គប្រាសាទ ឬផ្លូវខ្លាំង ទើបយើងកាប់ ឬកាត់ក្រីមែកចេញ ម្យ៉ាងវិញទៀត មុននឹងកាប់ដើមឈើ និងកាត់ក្រីមែកឈើម្តងៗ នាយកដ្ឋានលោក បានសិក្សាយ៉ាងល្អិតល្អន់ គ្រប់ជ្រុងជ្រោយ ទៅលើហានិភ័យ និងតែងចេញសេចក្តីជូនដំណឹងដល់សាធារណជន និងភ្ញៀវទេសចរឲ្យបានដឹងជាមុន។

លោក បន្ថែមថា ដើមឈើ និងមែកឈើ ដែលបានមកពីការកាប់ និងកាត់ទាំងអស់នោះ ត្រូវក្រុមការងាជំនាញ ព្រៃឈើរបស់លោក អារ កាត់ និងជ្រៀកធ្វើជាក្តារ និងកាត់ជាកំណាត់ៗ ទៅតាមតម្រូវការ រួចហើយយកមករក្សាទុក ក្នុងរោងឈើតា នៃសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ផ្សេងៗ ដូចជាធ្វើជារន្ទាសម្រាប់ឡើងកាត់់ក្រីមែកឈើ កាត់សម្អាតស្មៅ និងកូនឈើតាមប្រាង្គប្រាសាទ ធ្វើធ្នើរសម្រាប់ជួសជុលប្រាសាទ ធ្វើស៊ុមការពារកូនឈើនិងការងារផ្សេងៗទៀត រីមែកឈើ និងជម្រៀកឈើ ដែលប្រើការមិនកើត ត្រូវបានក្រុមការងារជំនាញព្រៃឈើ របស់លោក កាត់ជាកង់ៗ ធ្វើជាអុស ហើយដឹកជញ្ជូនទៅប្រគេនព្រះសង្ឃ តាមវត្តនានា ក្នុងតំបន់ឧទ្យានអង្គរ សម្រាប់ដុតធ្វើចង្ហាន់ និងដាំទឹកជាប្រយោជន៍បន្តទៀត៕