(ភ្នំពេញ)៖ លោក លី សុផាណា អ្នកនាំពាក្យ និងជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News មុននេះបន្តិចនារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនសំណុំរឿងដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្តឹងពីអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ទៅសាលាដំបូងរាជធានីភ្នំំពេញ តាមដីកាបញ្ជូនរឿង ទៅជំនុំជម្រះផ្ទាល់។

លោក លី សុផាណា បានបញ្ជាក់ថា ការបញ្ជូនទៅជំនុំជម្រះផ្ទាល់នេះ ដោយចោទប្រកាន់លើអ្នកស្រី ថាក់ ឡានី ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យ ប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ប្រព្រឹត្តនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី ត្រូវបានព្រឹទ្ធសភាបោះឆ្នោត ដកអភ័យឯកសិទ្ធិ ក្នុងសម័យប្រជុំ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ កន្លងទៅបន្ទាប់ពីអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដើម្បីឱ្យតុលាការអាចបន្តនីតិវិធីរបស់ខ្លួន។

លោកស្រី ថាក់ ឡានី និង លោក សម រង្ស៊ី ត្រូវបានប្តឹងដោយសម្តេចតេជោ ហ៊ុន សែន តាមរយៈមេធាវី គី តិច កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ដោយទាមទារសំណងចំនួន១០០រៀល ពាក់ព័ន្ធនឹងការចោទប្រកាន់ សម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាលកម្ពុជាថា ជាអ្នករៀបចំការបាញ់សម្លាប់លើលោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន៕