(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងអញ្ជើញអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន និងមន្រ្តីតំណាងសហភាពអឺរ៉ុប ឲ្យមកបើកការស៊ើបអង្កេតលើ យុទ្ធនាការបង្រ្កាបឧក្រិដ្ឋកម្មគ្រឿងញៀនរបស់លោក ដែលបានបង្កជា ក្តីព្រួយបារម្ភដល់អង្គការសិទ្ធិមនុស្ស ទាំងនៅក្នុងនិងនៅក្រៅប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយ នៅមុនបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦។

ឥឡូវនេះទំនងជាលោក Duterte បានយល់ពីស្ថានការណ៍ច្បាស់ ហើយនិងចង់បញ្ចប់រឿង ទើបបានជា លោកធ្វើការសម្រេចចិត្តយ៉ាងដូច្នេះ ព្រោះថានៅថ្ងៃពុធម្សិលមិញ លោក Duterte បានប្រើពាក្យសម្តី និងកាយវិការមិនសមរម្យជាខ្លាំងមកលើសហភាពអឺរ៉ុប បន្ទាប់ពីលោកបានទទួលការថ្កោលទោស សាជាថ្មីទៀត ទៅលើប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន ដែលទើបតែបន្ថែមរយៈពេល ៦ខែទៀត នោះ ហើយមិនត្រឹមតែប៉ុណ្ណោះ ប្រធានាធិបតីរូបនេះក៏ធ្លាប់បានជេរប្រមាថលោក បាន គីមូន ផងដែរ។

គួរបញ្ជាក់ដែរថា មនុស្សជាង៣,៥០០នាក់ហើយត្រូវបានបាញ់សម្លាប់ នៅក្នុងរយៈពេល១០សប្តាហ៍ នៃការបង្រ្កាបឧក្រិដ្ឋកម្មគ្រឿងញៀននៅហ្វីលីពីន ដោយរាប់ទាំងការសម្លាប់ដោយមន្ត្រីប៉ូលិស និង កងកម្លាំងប្រជាជនដែលភាគច្រើនមិនស្គាល់អត្តសញ្ញាណ៕