(វ៉ាស៊ីតោន)៖ ក្រុមអ្នកឃ្លាំមើលកំពូលរបស់រដ្ឋាភិបាលអាមេរិក ប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានធ្វើសេចក្តីរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ស្ថាប័នប្រឆាំងអំពើពុករលួយរបស់ប្រទេស អាស៊ីខាងត្បូងមួយនេះ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៨ ត្រូវបានគេសង្កេតឃើញថាពុំមាន ប្រសិទ្ធភាព ខ្វះឯករាជ្យភាព ហើយថែមទាំងមិនបានធ្វើការបញ្ជាក់ច្បាស់លាស់ លើទម្រង់បែបបទ នៃការប្រកាសទ្រព្យសម្បត្តិ របស់អតីតប្រធានាធិបតីលោក Hamid Karzai នោះឡើយ។ នេះបើតាម ការផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦។

ស្ថានប័នកំពូលពិសេស សម្រាប់ឃ្លាំមើលលើការស្តារប្រទេសអាហ្វហ្គានីស្ថាន (SIGAR) បានរកឃើញថា ទម្រង់បែបបទនៃការប្រកាសទ្រព្យសម្បត្តិ របស់លោក Karzar និងមន្រ្តីជាន់ខ្ពស់ ដ៏ទៃៗទៀត នៅក្នុងជួររដ្ឋាភិបាលរបស់លោក មានបញ្ហានិងខុសពីប្រក្រតី ដោយនៅពេលលោក Karzar បានដាក់ឲ្យត្រួតពិនិត្យនូវទម្រង់បែបបទនេះ កាលពីខែកញ្ញាឆ្នាំ២០១៥ ក្នុងនោះលោកបានសរសេរ បញ្ជាក់ត្រឹមតែថាមានប្រាក់ដែលត្រូវបានតំកល់ទុក ក្នុងគណនីធនាគារអាល្លឺម៉ង់មួយកន្លែងប៉ុណ្ណោះ ដោយមិនបានប្រាប់ពីលេខគណនី ឬប្រភពលុយនោះឡើយ។

របាយការណ៍របស់ SIGAR បានឲ្យដឹងទៀតថា ដំណើរការនៃការត្រួតពិនិត្យលើទម្រង់បែបបទ នៃការប្រកាសទ្រព្យសម្បត្តិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺត្រូវបានធ្វើឡើងគ្រាន់តែដើម្បីបំភ័ន្តភ្នែក សហគមន៍អន្តរជាតិតែប៉ុណ្ណោះ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានផ្តល់លុយជិត១១៣ពាន់លានដុល្លារ សម្រាប់ការរៀបចំ កសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ គិតចាប់តាំងពីឆ្នាំ២០០១ នៅពេលកម្លាំងយោធា ដែលដឹកនាំដោយអាមេរិក បានឈ្លានពានប្រទេសអាហ្វហ្គានីស្ថាន ដើម្បីកម្ចាត់ពួកឧទាមតាលីបង់៕