(តាកែវ)៖ ដើម្បីបង្ការ និងទប់ស្កាត់ជម្ងឺ «Zika» ដែលកំពុងតែឆ្លងរីករាលដាល នៅក្នុងប្រទេសមួយចំនួននោះ មន្រ្តីមន្ទីរសុខាភិបាល ខេត្តតាកែវ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ បានបើកយុទ្ធនាការចុះអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមបណ្ដាស្រុក នៅក្នុងខេត្តតាកែវ ជាពិសេសបានធ្វើការបង្ការ និងទប់ស្កាត់នៅតាមច្រកទ្វាព្រំដែន ដែលនៅជាប់ជាមួយ និងប្រទេសវៀតណាម។

លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា ការចុះធ្វើយុទ្ធនាការអប់រំប្រជាពលរដ្ឋនេះគឺបន្ទាប់ ពីបានទទួលការណែនាំពីក្រសួងសុខាភិបាល ជាពិសេសពីលោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង ដែលលោកបានប្រាប់ឲ្យមន្រ្តីសុខភិបាលទាំងអស់ ត្រូវតែចុះទៅអប់រំបងប្អូនប្រជាពលរដ្ឋយើង ពីការបង្កា និងទប់ស្កាត់ជំងឺស្សីការនេះហើយ ក៏ត្រូវធ្វើនៅតាមច្រកទ្វាព្រំដែនផងដែរ។

នៅក្នុងយុទ្ធនាការនោះ លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ក៏បានជម្រុញឲ្យក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ត្រូវពង្រឹងប្រព័ន្ធតាមដានជំងឺឆ្លង និងបន្តធ្វើការអប់រំផ្សព្វផ្សាយពីជម្ងឺ Zika ដោយលប់ បំបាត់ជំរកមូលខ្លា និងទប់ស្កាត់ការរាតត្បាតឲ្យបានទាន់ពេលវេលា ហើយក៏ត្រូវបន្តយុទ្ធនាការនេះតទៅទៀតផងដែរ៕