(វ៉ាស៊ីនតោន)៖ អំពើហិង្សា​នៅតែបន្តផ្ទុះឡើងពីរយប់ជាប់ៗគ្នា នៅល្ងាចថ្ងៃពុធ រវាងកងកម្លាំង រក្សាសណ្ដាប់ធ្នាប់និង ក្រុមបាតុករ នៅអំឡុងពេលនៃបាតុកម្មតវ៉ាមួយ នៅក្នុងទីក្រុង Charlotte នៃរដ្ឋ North Carolina សហរដ្ឋអាមេរិក ដែលធ្វើឡើងនៅបន្ទាប់ពី បុរសស្បែកខ្មៅម្នាក់ឈ្មោះ Keith Lamont Scott ត្រូវបានប៉ូលិសបាញ់សម្លាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ខែកញ្ញា ឆ្នាំ២០១៦។

ជុំវិញអំពើហិង្សានេះដែរ អភិបាលរដ្ឋ North Carolina បានសម្រេចចិត្តដាក់ទីក្រុង Charlotte នៅក្នុងគ្រា ប្រកាសអាសន្ន។ «ខ្ញុំបានសម្រេចចិត្តប្រកាសភាពអាសន្ន  ព្រមទំាងបានបញ្ជូនកងការពារជាតិ និង ប៉ូលិសបន្ថែម ដើម្បីជួយដល់អាជ្ញាធរនៅក្នុងទីក្រុង Charlotte»។ នេះគឺជាការបញ្ជាក់របស់អភិបាលរដ្ឋ North Carolina លោក Pat McCrory ដោយលោកបានបន្ថែមថា បុរសម្នាក់ពិតជាបានរងរបួសធ្ងន់ ដោយសារគ្រាប់កំាភ្លើង ក៏ប៉ុន្តែមិនមែនបង្កឡើង ដោយក្រុមកងកម្លាំងរក្សាសណ្ដាប់ធ្នាប់នោះទេ ខណៈប្រធានប៉ូលិសទីក្រុង Charlotte អះអាងថាបាតុករម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងការប៉ះទង្គិចគ្នា ដោយហិង្សាជាមួយនឹងកង កម្លាំងរក្សាសណ្ដាប់ធ្នាប់ ដែលបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករ។

គួរបញ្ជាក់ថា Keith Lamont Scott ត្រូវបានប៉ូលិសក្នុងទីក្រុង Charlotte បាញ់សម្លាប់ កាលពីថ្ងៃទី២០ ខែកញ្ញា ដោយសារតែរូបគេត្រូវប៉ូលិសសន្និដ្ឋានថាជាមនុស្សមានគ្រោះថ្នាក់ ព្រោះមានកំាភ្លើងនៅក្នុងដៃ ក៏ប៉ុន្តែបើតាមសាច់ញាត្តិរបស់បុរសរូបនេះ និង សាក្សីជាច្រើននាក់ទៀត បានបញ្ជាក់ថា លោក Keith Lamont Scott បានកាន់សៀវភៅមួយ ក្បាលតែប៉ុណ្ណោះនៅក្នុងដៃ៕