(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំណរគុណដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នាចំណាយថវិកាផ្ទាល់ខ្លួនជួយទិញស្រូវ ដើម្បីដោះស្រាយបញ្ហាធ្លាក់តម្លៃស្រូវ ខណៈដែលស្រូវជាង ១ម៉ឺនតោនហើយ ត្រូវបានប្រមូលទិញពី ប្រជាកសិករ។

ឆ្លើយតបបញ្ហាធ្លាក់តម្លៃស្រូវសែនក្រអូបដែលជាស្រូវស្រាលរបស់ប្រជាកសិករខ្មែរ ជាពិសេសនៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមាន ជ័យ កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចទម្លាក់ថវិកាប្រមាណ ២០លានដុល្លារអាមេរិក រួមជា ថវិកាធនាគារអភិវឌ្ឍន៍ជនបទ ៧លានដុល្លារទៀត ដើម្បីទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យប្រមាណ ៨៤០រៀល។ បន្ថែមពីលើការ ជួយរបស់រាជរដ្ឋាភិបាល នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មន្រ្តីរាជការ តាមក្រសួងស្ថាប័នរបស់រដ្ឋ ព្រមទាំងកងកម្លាំងប្រដាប់អាវុធផងដែរ បានបញ្ចេញថវិកាផ្ទាល់ខ្លួនជាបន្តបន្ទាប់ជួយទិញស្រូវ និងអង្ករពីប្រជាពលរដ្ឋ។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យពុទ្ធិសាស្រ្តនាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែង បានចាត់ទុកចលនានេះថា ជាការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករខ្មែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំពិតជាអរគុណជាមួយនិងរដ្ឋមន្ត្រី រដ្ឋលេខាធិការ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាសម្បរសជន និងពាណិជ្ជកររបស់យើង ដែលបានជួយទិញស្រូវខ្លះ ១០តោន ខ្លះ ២០តោន ខ្លះ ៥តោន ខ្លះ ២តោន»

សម្តេចតេជោ ហ៊ុន សែន ក៏នៅតែបន្តអំពាវនាវឲ្យមានការទិញស្រូវពីប្រជាកសិករបន្ថែមទៀត។

លោក ភូ ពុយ អគ្គនាយកធនាគារស្រូវ បានឲ្យដឹងថា ស្រូវប្រមាណ ១ម៉ឺន ៤ពាន់តោន ហើយត្រូវបានប្រមូលទិញពីប្រជាកសិករ ហើយអង្ករប្រមាណ ៤ពាន់តោន ត្រូវបានប្រមូលទិញពីរោងម៉ាស៊ីននានា។ បើតាមលោក ភូ ពុយ ការទិញអង្ករពីរោងម៉ាស៊ីន ដើម្បីឲ្យរោងម៉ាស៊ីនទាំងនោះ មានដើមទុនបង្វិលទៅទិញស្រូវពីប្រជាកសិករបន្ថែមទៀត។

បើទោះបីស្រូវមានការធ្លាក់តម្លៃយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកនេះជាចរន្តល្អមួយក្នុងការបង្កបង្កើនផលរបស់ប្រ ជាកសិករខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកខេត្តបាត់ដំបង និងបន្ទាយមានជ័យ កាលពីតំបន់ទាំងនេះនៅមានសង្រ្គាមប្រជា កសិករមិនអាចបង្កបង្កើនផលបានបែបនេះឡើយ តែក្រោយពេលសង្រ្គាមត្រូវបានបិទបញ្ចប់ ហើយរាជរដ្ឋាភិបាលបានប្រឹងប្រែងកសាង ប្រព័ន្ធធារាសាស្រ្ត ព្រមទាំងការដាក់ចេញយុទ្ធសាស្រ្តជំរុញកសិករធ្វើស្រូវស្រាល ជាហេតុធ្វើឲ្យកសិករអាចបង្កបង្កើនផលបានកាន់តែច្រើន ហើយក៏ត្រូវឲ្យរាជរដ្ឋាភិបាលប្រឹងប្រែងស្វែងរកទីផ្សារជូនពួកគាត់ឲ្យបានច្រើនថែមទៀត៕