(ភ្នំពេញ)៖ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមធ្យមជាង១០០នាក់ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននាំគ្នាបរិច្ចាគឈាមជូនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម ដែលកំពុងត្រូវការឈាមជាចាំបាច់ ដើម្បីជួយគោះ អាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលត្រូវការឈាមជាចាំបាច់។

ពិធីនេះប្រារព្ធឡើង នៅក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល ក្រោមវត្តមានរបស់លោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិរដ្ឋបាល និងលោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងសិក្ខកាមចូលរួមជាច្រើនរូបផងដែរ។

លោក យក់ ប៊ុនណា និងជានាយកសាលាភូមិរដ្ឋបាល បានសម្តែងនូវការ ស្វាមគន៍យ៉ាងកក់ក្តៅ ចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំកម្មវិធីសប្បុរសនេះឡើង ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាលថា កម្មវិធីលើកនេះធ្វើឡើងដើម្បី រួមចំណែកជាមួយរាជរដ្ឋាភិបាល និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រេចឲ្យបាន ១០០% នៃអ្នកផ្តល់ឈាមដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២០។ លោកខិតខំប្រឹងប្រែងជំរុញដល់សិក្ខាកាម អោយចូលរួមស្ម័គ្រចិត្តផ្តល់ឈាម ឲ្យបានកាន់តែច្រើន ដើម្បីធ្វើជាគំរូ ឈានមុខក្នុងសកម្មភាពមនុស្សធម៌នេះ។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធ្វើការថ្លែងអំណrគុណ ដល់សិក្ខាកាមវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ និងមធ្យម ដែលបានធ្វើការបរិច្ចាគ ឈាម យ៉ាងច្រើនកុះករជូនដល់មជ្ឈមណ្ឌលនាពេលនេះ។ លោកប្រធានបញ្ជាក់ថា ការបរិច្ចាគឈាមគឺមិនប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយវិញ វាជាសកម្មភាព អាចគឺអាចធ្វើឲ្យយើងក្លាយជាវីរបុរសម្នាក់ដែលអាចជួយសង្គ្រោះជីវិតមនុស្សបាន។

ក្នុងឱកាសនោះ លោក ឌី បញ្ញា កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមធ្យម ជំនាន់ទី០៩ ឆ្នាំ២០១៦ បានថ្លែងដោយក្តីរំភើបថា នេះជាលើកទី១ហើយ ដែលលោកចូលរួម បរិច្ចាគឈាមស្ម័គ្រចិត្ដ សកម្មនេះលោកសង្ឃឹមថា នឹងមានការ ចូលរួមកាន់តែ ច្រើន ហើយនឹងក្លាយទៅជា វប្បធម៌នៃការចែករំលែកការជួយសង្គ្រោះជីវិតជនរង គ្រោះរបស់យើងនៅទូទំាងប្រទេស ។ ការផ្តល់អំណោយឈាម មានតម្លៃ និងជាគុណប្រយោជន៍ជាងការផ្តល់អំណោយអ្វីៗទាំងអស់ គឺស្មើនឹងការជួយសង្គ្រោះ ជីវិតមនុស្ស៕