(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ អតីតសិស្សវិទ្យាល័យព្រះរាជសម្ភារ សិ្ថតក្នុងភូមិស្នំប្រាំពី ឃុំស្នំប្រាំពី ស្រុកទឹកឈូ ខេត្តកំពតបានរៀបចំពិធីរំលឹកគុណគ្រូ និងការជួបជុំអតីតសិស្សរួមជំនាន់បាក់ឌុបឆ្នាំ១៩៩៩ ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូ វិទ្យាល័យព្រះរាជសម្ភារចំនួន៨៨នាក់ ក្នុងនោះរួមទាំងលោកគ្រូ អ្នកគ្រូចូលនិវត្តនចំនួន៨នាក់ និងអតីតសិស្ស១៥០នាក់សរុប២៣៨នាក់ ក្រោមអធិបតីភាពលោកនាយកវិទ្យាល័យព្រះរាជសម្ភារ។

លោក ស៊ិវ ឈាន់ ប្រធានក្រុមរៀបចំកម្មវិធីនេះ បានឲ្យដឹងថា ពិធីនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីរំលឹក និងសម្ដែងការគោរពដឹងគុណ ចំពោះលោកគ្រូអ្នកគ្រូ​ដែលបានផ្តល់ចំណេះដឹងជាច្រើន ,រឹតចំណងមិត្តភាពសាមគ្គីភាពនៃសិស្សរួមជំនាន់ និងបានជួបជុំគ្នាដឹងពីសុខទុក្ខគ្នាទៅវិញទៅមក,​ជួបជុំរំលឹកអនុស្សាវីយ៍រវាងគ្នា​និងគ្នានៃសិស្សរួមជំនាន់ទាំងអស់ និងគៀងគររកថវិកាមូលនិធិស ម្រាប់ជួយទ្រទ្រុងដល់សាលា ដូចជាជួយលាបថ្នាំព៌ណទៅលើជញ្ជំងអាគារសាលាដែលចាស់ៗ ឧបត្ថមជាសីុម៉ងត៍ចំនួន១តោនសំរាប់ចាក់បំពេញទីធ្លា និងផ្លូវដើរក្នុងសាលា ព្រមទាំងចូលរួមដាំកូនឈើប្រណិតៗចំនួន២០០ដើមទៀតផង។

គួររំលឹកផងដែរថាវិទ្យាល័យព្រះរាជសម្ភារបានកសាងឡើងក្នុងឆ្នាំ១៩៥៩ក្រោមជំនួយឧបត្ថមពីរាជរដ្ឋាភិបាលមកដល់ពេលនេះវិទ្យាល័យព្រះរាជសម្ភារមានសិស្សរៀនចំនួន១២៩១លោកគ្រូ អ្នកគ្រូចំនួន៨៨នាក់ មានអាគារសិក្សាចំនួន ១១ខ្នងស្មើនិង៤៩បន្ទប់សិក្សា។

លោក ជី ឆាយ នាយកវិទ្យាល័យ ព្រះរាជសម្ភារបានលើកឡើងថា រូបលោកផ្ទាល់ ពិតជាមានសេចក្តីសោមន្សរីករាយជាខ្លាំង ដោយឃើញសកម្មភាពបែបនេះ យើងទាំងអស់គ្នា មានឱកាសរៀបចំពិធីនេះឡើងបាន ក៏អាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាពយ៉ាងពេញលេញ និងដោយមានការអភិវឌ្ឍនរីកចំរើនឥតឈប់ឈរ ហើយទើបយើងទាំងអស់គ្នាមានលទ្ឋភាពចេញទៅប្រកបការងារបានរៀងខ្លួន ជាពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចបង្តើតឲ្យមានសាលារៀន មានផ្លូវថ្នល់ខ្វាត់ខ្វែង ថែមទាំងបង្កើតឲ្យមានទិវាបុណ្យរំលឹកគុណគ្រូទៀតផង។

លោកនាយកបានកោតសសើរចំពោះទឹកចិត្តរបស់ប្អួនៗជាអតីតសិស្សវិទ្យាល័យព្រះរាជសម្ភារ ដែលបានរៀចំអោយមានពិធីនេះឡើង គឺបានបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព របស់អតីតសិស្សគ្រប់ជំនាន់ ដែលកើតចេញពីខេត្តតែមួយ និងវិទ្យាល័យតែមួយ ចេះស្រលាញ់គ្នានឹករលឹកដឹងគុណចំពោះលោកគ្រូអ្នកគ្រូដូចជាមាតាបិតាទី២ ដែលបានអប់រំផ្ទេរនូវចំណេះដឹង បញ្ញា និងដំបូន្មានដ៏ល្អៗជាច្រើនឥតគណនាព្រមទាំងលើកទឹកចិត្តអោយមានការរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំបន្តទៀត។

សូមជម្រាបថានៅក្នុងវិធីនេះដែរក៏មានការរៀបចំអាហារសាមគ្គីជាមួយលោកគ្រូអ្នកគ្រូដែលធ្លាប់បានបង្រៀននៅទីនេះនិងអតីសិស្ស ដើម្បីបង្ហាញពីភាពស្និតស្នាល​នឹករលឹកនិងជាការតបស្នងសងគុណចំពោះគាត់ ហើយក្នុងពិធីនេះដែរ ពួកគេក៏មានជាកាដូអនុស្សាវរីយ៍បន្តិចបន្តួចជួនដល់លោកគ្រូ អ្នកគ្រូ ដែលជាអ្នកមានគុណទី២របស់ពួកគេ និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕