(ស៊ីរី)៖ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១២នាក់ បានស្លាប់បាត់បង់ជីវិត និង រថយន្ដកាមីញ៉ុង ១៨គ្រឿង ក្នុងចំណោមរថយន្ដ ៣១គ្រឿង ត្រូវបានបំផ្លាញ នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសមកលើក្បួន រថយន្ដដឹកជំនួយមនុស្សធម៌ របស់អង្គការសហប្រជាជាតិ សម្រាប់ប្រជាជនស៊ីរី ក្នុងទីក្រុងអាឡេប៉ូ ជាង ៧៨,០០០ នាក់។ នេះបើតាម ការចេញផ្សាយដោយ CNN​ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៦។

ប្រភពដដែលបញ្ជាក់ទៀតថា គិតជាសរុបនៅថ្ងៃចន្ទម្សិលមិញ មានជនស៊ីវិល ៣២នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រយុទ្ធជាច្រើនលើក នៅក្នុងទីក្រុងអាឡេប៉ូ តែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅបន្ទាប់ពី របបដឹកនំាទីក្រុងដាម៉ាស់ បានប្រកាសបញ្ចប់បទឈប់បាញ់ ដែលបានចូលជាធរមានកាលពីថ្ងៃទី១២ ខែកញ្ញា។ រដ្ឋាភិបាលស៊ីរីចោទប្រកាន់ថា ក្រុមភេរវករ និងក្រុមឧទ្ទាមប្រឆាំងនឹងរដ្ឋាភិបាល បានកេងចំណេញពីបទឈប់បាញ់នេះ ដើម្បីធ្វើការវាយប្រហារមកលើកងកម្លាំងរដ្ឋាភិបាល ក៏ដូចជាបានរំលោភលើបទឈប់បាញ់ជាង ៣០០លើកក្នុងមួយសប្ដាហ៍។

ទាក់ទិននឹងបញ្ហានេះដែរ ប្រមុខការទូតសហរដ្ឋអាមេរិក​ លោក John Kerry  លើកឡើងថា «យើងចង់ឃើញណាស់ថាតើរុស្ស៊ីនឹងនិយាយអ្វី ប៉ុន្តែអ្វីដែលសំខាន់នោះគឺរុស្ស៊ី គួរតែគ្រប់គ្រង របបដឹកនំា របស់ លោក អាស្សាដ ដែលតែងតែធ្វើការវាយប្រហារ តាមផ្លូវអាកាសដោយមិនរើសមុខ ក្នុងនោះរួមមានទំាងក្បួនរថយន្ដ ដឹកជំនួយមនុស្សធម៌ផងដែរ»។ ដូច្នេះយើងនឹងរង់ចាំមើលការប្រមូល អង្គហេតុទំាងឡាយ ខណៈនៅពេលនេះយើងពុំទាន់ប្រមូល បានភស្ដុតាងគ្រប់គ្រាន់នៅឡើយទេ៕