(បាត់ដំបង​)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហកាជាមួយក្រុមប្រឹក្សា ត្រួតពិនិត្យគ្រឿងញៀនថៃ បានរៀបចំសិក្ខាសាលាស្តីពី «លើកកម្ពស់ប្រសិទ្ធភាពការងារ​ អប់រំ​បង្កា​ ការងារព្យាបាល​ និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន​» នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោមវត្តមាន​ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ហឿង សុគន្ធ អភិបាលរង និងជាប្រធានលេខាធិការគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង។

ក្នុងនោះក៏មានការចូលរួម តំណាងក្រសួងសុខាភិបាល​ ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ មន្ទីរប្រឆាំងគ្រឿងញៀន​​ គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​បាត់ដំបង​ ខេត្តប៉ៃលិន​ ខេត្តបន្ទាយមានជ័យ​ ខេត្តកោះកុង​ ខេត្តស្ទឹងត្រែង​ ខេត្តព្រះវិហារ​ មន្រ្តី​ពាក់ព័ន្ធ​​ និងអង្គការសង្គមស៊ីវិលជាដៃគូពាក់ពន្ធ័​ សរុប៥១នាក់។

ឧត្តមសេនីយ៍​ឯក​ នាក់​ យុទ្ធា​ បានបញ្ជាក់ថា សិក្ខាសាលានៅថ្ងៃនេះ​ គឺធ្វើឡើងក្នុងគោលបំណង ​ដើម្បី​ពង្រឹង​សមត្ថភាព​ ប្រសិទ្ធភាព​ ការងារផ្សព្វផ្សាយអប់រំ​ ការងារព្យាបាល និងស្តារនីតិសម្បទា​ អ្នកគ្រឿងញៀន ធ្វើឲ្យមានតុល្យភាពរវាងការងារអនុវត្តច្បាប់​ និងការងារព្យាបាលអ្នកញៀនគ្រឿងញៀន​  ដើម្បីចូលរួមចំណែកដល់ការងារ កសាងភូមិសរ គ្មានគ្រឿងញៀន នៅតាមព្រំដែនកម្ពុជា-ថៃ​៕