(កណ្តាល)៖ កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនមុខសញ្ញា ជួញដូរគ្រឿងញៀន ដ៏សកម្ម៦នាក់ ដកហូតបានថ្នាំ១៨កញ្ចប់ នៅយប់ថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

មន្ដ្រីនគរបាលស្រុក បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នោះ ធ្វើឡើងក្រោមការបញ្ជាណែនាំ​ ពីលោកអធិការស្រុកកណ្ដាលស្ទឹង ដោយបានឲ្យ​កម្លាំងក្រោមឱវាទខិតខំដើរល្បាតក្នុងមូលដ្ឋាន ដើម្បីបង្ការក្សាសន្តិសុខសង្គម ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុះល្បាតដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញមុខសញ្ញា រួចឃាត់ឆែកឆេររកឃើញថ្នាំញៀន១៨កញ្ចប់ និងម៉ូតូចំនួន៤គ្រឿង ព្រមទាំងជញ្ជីងថ្លឹងថ្នាំញៀនមួយ ទូរស័ព្ទដៃមួយគ្រឿងផងដែរ។

បើតាមមន្ដ្រីនគរបាល ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះ ទី១-ឈ្មោះ លី គឹមសួ អាយុ២៨ឆ្នាំ ទី២-ឈ្មោះ លី គឹមសៀ​ អាយុ២១ឆ្នាំ ទី៣-ឈ្មោះ សុខ សុធា​ អាយុ៣១ឆ្នាំ ទី៤-ឈ្មោះយូ សំណាង អាយុ២៧ឆ្នាំ ទី៥-ឈ្មោះ ជួន ឡង់ឌី អាយុ២១ឆ្នាំ និងទី៦-ឈ្មោះ ព្រុំ ស្រីលក្ខ័ ភេទស្រី អាយុ១៨។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នេះ ត្រូវបាននាំខ្លួនទៅសាកសួរ និងកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធី៕