(ភ្នំពេញ)៖ ក្រសួងកសិកម្ម បានសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលស្រាវជ្រាវដំឡូងបារាំង នៅព្រឹកមិញនេះ ដើម្បីធ្វើការពិសោធលើការដាំដំឡូងបារាំង នៅក្នុងប្រទេស។ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា នាបច្ចុប្បន្ននេះ អត្រាអ្នកទទួលទានដំឡូងបារាំងនៅក្នុងប្រទេសកម្ពុជា ហើយទីផ្សារដំឡូងបារាំងក៏កំពុងរីកកាន់តែធំផងដែរ។

លោក វេង សាខុន បានលើកឡើងបែបនេះ ខណៈលោកចូលរួម នៅក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌល ស្រាវជ្រាវដំឡូងបារាំង និងពិធីបើកសិក្ខាសាលាស្តីពី ការពង្រីកពូជដំណាំងដំឡូងបារាំង តាមបច្ចេកទេស​ ជាលិកាវប្បកម្ម និងផលិតកម្មដំឡូងបារាំងនៅកម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ។

លោករដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា ការចាប់ផ្តើមនាំដំណាំដំឡុងបារាំងចូលមកកម្ពុជាពេលនេះ គឺដើម្បីបំពេញចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋខ្មែរនិងទេសចរបរទេស។ លោកបន្តថាការនាំចូលដំណាំងនេះ ក៏ជាផ្នែកមួយធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ វិស័យកសិកម្មឆ្នាំ២០១៤-២០១៨ ដែលក្រសួងកំពុងអនុវត្ត។

លោក វេង សាខុន បានបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ លោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបង្ហាញឲ្យដឹងថា គម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ ដំឡូងបារាំង គឺជាគម្រោងដំបូងថ្មីមួយ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ គម្រោងខាងលើនេះ ទទួលបានថវិកាពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ និងគម្រោង KOPIA ប្រចាំនៅប្រទេសកម្ពុជា សម្រាប់ធ្វើការដាំពិសោធន៍ ដំឡូងបារាំងសាកល្បង នៅខេត្តមណ្ឌលគីរី៕