(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា របបដឹកនំាទីក្រុងព្យុងយ៉ាង បានសាកល្បងប្រកបដោយជោគជ័យ នូវម៉ូទ័រនៃជើងទម្របាញ់គ្រាប់រ៉ុក្កែតថ្មី មួយដែលមានសមត្ថភាព នំាយកផ្កាយរណអង្កេតផែនដី ទៅក្នុងលំហអាកាស។ នេះបើតាមការដកស្រង់ របស់សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៦។

ថ្លែងក្នុងឱកាសចូលរួមដោយផ្ទាល់នៅឯមជ្ឈមណ្ឌលទីអវកាស Sohae មេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា «ការអភិវឌ្ឍ និង ការប្រើប្រាស់ទីអវកាស គឺជានយោបាយដ៏សំខាន់មួយ សម្រាប់បក្សរបស់យើង និងប្រទេសជាតិ ហើយត្រូវបន្តកិច្ចខិតខំប្រឹងប្រែងនេះតទៀត ដើម្បីអភិវឌ្ឍ ផ្កាយរណប និង ការសាងសង់ ព្រមទំាងបាញ់សាកល្បង ផ្កាយរណបជាច្រើនផ្សេងទៀត ដោយផ្អែកលើ បច្ចេកវិទ្យារបស់យើងផ្ទាល់ សំដៅប្រែក្លាយកូរ៉េខាងជើង ឱ្យទៅជាប្រទេសដែលមាន ផ្កាយរណបអង្កេតផែនដី នៅពេលអានាគត»

គួរបញ្ជាក់ថា ការសាកល្បងជើងទម្របាញ់គ្រាប់រ៉ុក្កែតថ្មីនេះ អាចជាគោលដៅរបស់កូរ៉េខាងជើង ក្នុងការកែលម្អរបច្ចេកវិទ្យា ទាក់ទិននឹងជើងទម្របាញ់គ្រាប់រ៉ុក្កែត រយៈចំងាយឆ្ងាយ ដែលទីក្រុងព្យុងយ៉ាង ធ្លាប់បានសាកល្បងម្តងដែរកាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅ។ មួយវិញទៀត វាក៏ជាសញ្ញានៃការ សង្ស័យដែរថា កូរ៉េខាងជើង ទំនងជានឹងធ្វើការបាញ់សាកល្បង គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ នៅក្នុងឱកាស នៃការប្រារព្ធទិវាខួបគណបក្សពលករ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា៕