(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ចើញជាអធិបតីភាពសម្ពោធ «មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍» ដែលជាមន្ទីរពេទ្យជប៉ុនទី១ នៅក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

នៅក្នុងពិធីនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សំខាន់ៗ៖

* សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា សម្តេច និងលោក ស៊ីន ហ៊្សូអាបេ នាយករដ្ឋមន្រ្តីជប៉ុន គឺដៃគូមួយដែលបានធ្វើការងារយ៉ាងច្រើនក្នុង ទំនាក់ទំនង រវាងកម្ពុជា-ជប៉ុន។ ក្នុងទំនាក់ទំនងនេះ មានសមិទ្ធផលជាច្រើនលិចជារូបរៀងមានដូចជា ស្ពានហ្សឹបាសា ការហោះហើរត្រង់ រវាងកម្ពុជា-ជប៉ុន។

* សម្តេចតេជោ ប្រកាសថា សម្តេចនឹងរកពេលវេលាសមស្របណាមួយ ធ្វើដំណើរតាមជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ ជាមួយ ទីក្រុងតូក្យូ។

* សម្តេចតេជោ ហ៊ុន​ សែន រំពឹងថា មន្ទីរពេទ្យសាន់រ៉ាយស៍ នឹងពង្រឹងសមត្ថភាព និងសេវាកាន់តែល្អប្រសើរសម្រាប់បំពេញតម្រូវការរបស់ ប្រជាពលរដ្ឋ។ សម្តេចតេជោបានលើកឡើងថា មន្ទីរពេទ្យជប៉ុននេះ ក៏នឹងចូលរួមចំណែកទាក់ទាញដល់វិស័យទេសចរណ៍និងអ្នកវិនិយោគ ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះ ក្រោយចប់ពិធីចែកសញ្ញាបត្រដល់និស្សិតហើយនោះសម្តេចបាន ចុះហត្ថលេខាលើឯកសារនានា រហូតដល់ម៉ោង១រសៀល ហើយក្រោយជួបភ្ញៀវសម្តេចបន្តការចុះហត្ថលេខារហូតដល់ម៉ោង៧យប់។

* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមានការថែទាំ និងទប់ស្កាត់ឲ្យបានខ្ពស់ដើម្បីកុំឲ្យជំងឺ Zika ចូលមកដល់ប្រទេសកម្ពុជា គ្រាដែលប្រទេស ជិតខាង កំពុងរាតត្បាតខ្លាំង។

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រធានមន្ទីរពេទ្យសាន់រ៉ាយស៍ នឹងផ្តល់ឱកាសដល់និស្សិតពេទ្យកម្ពុជា បានបំពេញទស្សនកិច្ចសិក្សា ដកស្រង់បទពិសោធន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ពីរាជធានីគ្មានមនុស្សនៅ ឈានមកមនុស្សកកកុញ នេះគឺមានការលំបាកណាស់។ សម្តេចតេជោរំលឹកថា នៅតំបន់ត្រើយខាងកើតជ្រោយចង្វារ កន្លែងសម្ពោធដាក់ឲ្យមន្ទីរពេទ្យជប៉ុន សាន់រ៉ាយស៍នាព្រឹកនេះ ដើមឡើយគឺជាតំបន់ដុះសុទ្ធតែដើមត្រែង តែបច្ចុប្បន្នបានប្រែក្លាយជាតំបន់ប្រមូលផ្តុំទៅដោយមនុស្ស និងអគារផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនាយករដ្ឋមន្រ្តី និងប្រជាជនជប៉ុន ដែលតែងតែជួយប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោ ក៏អរគុណដល់វិនិយោគិនជប៉ុន ដែលតែងបានវិនិយោគនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បបួលមន្រ្តីជប៉ុន និងនិស្សិតពេទ្យរាំញីកែងជើង ដើម្បីអបអរសាទរការដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុន សាន់រ៉ាយស៍។ សម្តេចតេជោ ហ៊ុន សែន បានបួងសួងសុំឲ្យចំណងមិត្តភាពកម្ពុជា-ជប៉ុន ស្ថិតស្ថេរជាអមតៈ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៩៖៤៥នាទីនេះ៕