(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០១៥ (ឆ្នាំមុន), ខុទ្ទកាល័យនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន​ សែន បានចេញប្រកាសឈ្មោះគណនី Facebook របស់សម្តេចតេជោ ហ៊ុន សែន ជាផ្លូវការដោយមានឈ្មោះ Samdech Hun Sen, Cambodian Prime Minister។ ដែលកាលណោះមានចំនួនអ្នក Like ជាង ១.០៦២.០៣០ ប៉ុន្តែនៅថ្ងៃនេះទី២០ ខែកញ្ញា ឆ្នាំ២០១៦ជាខួបមួយឆ្នាំហើយ ដែលមានចំនួនអ្នក Like រហូតដល់ជាង៥លាននាក់ ដែលជាចំនួនលើសគេបំផុតនៅកម្ពុជា។

ប៉ុន្តែអ្វីដែលពិសេសសម្រាប់ការប្រកាសជាផ្លូវការនេះ គឺប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាចទំនាក់ទំនងដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទស ដើម្បីបង្កលក្ខណៈងាយស្រួលដោះស្រាយជូនពួកគាត់ភ្លាមៗទាន់សភាពការណ៍នូវបញ្ហាទុក្ខលំបាកនានារបស់បងប្អូន។ រយៈពេល១ឆ្នាំមកនេះតាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានដោះស្រាយបញ្ហាធំៗ និងសំខាន់យ៉ាងច្រើនរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិដូចជា៖

* បញ្ឈប់មិនឲ្យយកថ្លៃផ្លូវវេងស្រេង ផ្លូវជាតិលេខ៤ មិនតម្រូវអោយបង់ថ្លៃបើកបរម៉ូតូកម្លាំងក្រោម១៥០សេះ។
* ដោះស្រាយផ្សារជូនពលរដ្ឋលក់ដូរ និងដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ ដែលបានរស់នៅលើដីសារពើព័ន្ឋរបស់រដ្ឋ។
* កែសម្រួលផ្លាស់ប្តូមកឲ្យរដ្ឋគ្រប់គ្រងការធ្វើអាជីវកម្មលើអង្គរវត្ត។
* ដកដីសម្បទានដែលក្រុមហ៊ុនទទួលបានហើយមិនព្រមអភិវឌ្ឍ
* កៀងគរតំណាងអង្គការក្រៅរដ្ឋភិបាល សមាគម ព្រះសង្ឃដែលការពារបរិស្ថាន និងអភិរក្សព្រៃឈើ ដោយធ្វើការសហការជាមួយមន្រ្តីរាជរដ្ឋាភិបាល ដែលផ្តោលើផលប្រយោជន៍ប្រទេសជាតិ។
* ការពង្រឹងបូរណភាពទឹកដី តាមរយៈ Facebook សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា សម្តេចតេជោ គឺស្មោះត្រង់ចំពោះប្រទេសជាតិ ប្រជាពលរដ្ឋ ព្រះមហាក្សត្រ និងភរិយាសម្តេច។
* កែសម្រួលអាណត្តិដីសម្បទានអោយមករយៈពេលខ្លី និងដំណោះស្រាយវិជ្ជមានជាច្រើនផ្សេងទៀតផង។ល។
* ប្រមូលផ្តុំព័ត៌មាន និងបង្កើតនូវឯកសារសំខាន់ៗ ដើម្បីប្រសិទ្ឋិភាពការងារជាមួយមន្រ្តីរាជរដ្ឋាភិបាល និងមន្រ្តីរបស់សម្តេច។ ជាងនោះទៅទៀត សម្តេចតេជោ បានប្រើប្រាស់ ប្រព័ន្ធអាយធី ដើម្បីគ្រប់គ្រងសន្តិសុខជាតិ និងគ្រប់គ្រងមន្រ្តីរបស់សម្តេច។
* កសាងសាលារៀនរាប់រយខ្នងសម្រាប់ប្រទេសជាតិ និងសម្រាប់ប្អូនៗ សិស្សានុសិស្សនៅទូទាំងប្រទេស និងពេលថ្មីៗបានដោះស្រាយបញ្ហាតម្លៃស្រូវ ជូនបងប្អូនប្រជាពលរដ្ឋ ដោយផ្តល់ប្រាក់២៧លានដុល្លារសម្រាប់ដោះស្រាយ។

សកម្មភាពដ៏រស់រវើករបស់ប្រមុខរាជរដ្ឋាភិបាល និងដំណោះស្រាយដ៏វិជ្ជមានដែលបងប្អូនប្រជាពលរដ្ឋគាំទ្រ តាមរយៈការប្រើប្រាស់ Facebook របស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ប្រទេសជាតិ ទទួលបានការទាក់ទាញប្រជាប្រិយភាព និងគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស។ ពលរដ្ឋកម្ពុជា ជាពិសេសយុវជនកាន់តែ មានភាពជិតស្និទ្ធ និងទទួលបាននូវក្តីស្រឡាញ់ ភាពកក់ក្តៅ និងការយកចិត្តទុកដាក់ពីសម្តេចតេជោ។

សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងបន្តប្រើប្រាស់ប្រព័ន្ឋហ្វេសប៊ុគដើម្បីអោយបាននៅកាន់តែជិតប្រជាពលរដ្ឋ មន្រ្តីរាជការ និងក្មួយៗដើម្បីបានស្តាប់នូវការចូលរួមយោបល់ ក្នុងការជំរុញការកសាងនិងអភិវឌ្ឍន៍កម្ពុជា។ជាពិសេសសម្តេចតេជោនឹងបន្តលើកទឹកចិត្តនិងជំរុញអោយកម្ពុជាអោយដើរទាន់បច្ចកវិទ្យា គឺជាសម័យ រាជរដ្ឋាភិបាល អេឡិចត្រូនិក (E-Government) និងប្រជាពលរដ្ឋអេឡិកត្រូនិក (E-People) ដើម្បីជំរុញការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិទាំងមូលឲ្យកាន់តែរីកចម្រើន៕