(ភ្នំពេញ)៖ លោក សិុក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៩ ខែកញ្ញានេះ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Polly Dunfort ដែលទើបចូលកាន់តំណែងជានាយិកាបេសកកម្មថ្មី របស់ទីភ្នាក់ងារអាមេរិក ដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID)។

សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានបញ្ជាក់ថា ក្នុងជំនួបនោះ លោក សិុក ប៊ុនហុក បានជម្រាបជូនភាគីអន្តរជាតិពីការវិវត្តន៍ នៃការកែទម្រង់ការបោះឆ្នោតថា ដំណើរការចុះឈ្មោះបោះឆ្នោតកំពុងប្រព្រឹត្តទៅដោយរលូនល្អ ដោយជារៀងរាល់ថ្ងៃមានប្រជាពលរដ្ឋខ្មែរ ១២មឺុននាក់ទៅចុះឈ្មោះបោះឆ្នោត ហើយគិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរជាង ២.៥លាននាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត។

ក្នុងជំនួបនោះ លោកស្រី Polly Dunfort បានបញ្ជាក់ផងដែរថា មន្ត្រីទូតអាមេរិកមានបំណងចង់ចូលរួមសង្កេត ដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦នេះ ហើយ USAID មានគម្រោងរយៈពេល៤ឆ្នាំ ក្នុងការជួយដល់ការងារពាក់ព័ន្ធនឹងការបោះឆ្នោត។ ជាការឆ្លើយតបប្រធាន គ.ជ.ប ស្វាគមន៍ចំពោះការចង់ចូលរួមសង្កេតដំណើរការចុះឈ្មោះបោះឆ្នោត របស់មន្ត្រីទូតអាមេរិក និងជំនួយរបស់ USAID៕